ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

Microsoft រកឃើញថា យុទ្ធនាការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមហើយ

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Microsoft ដែលចេញផ្សាយក្នុងសប្តាហ៍នេះបានឲ្យដឹងថា យុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ីដើម្បីការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខនេះបានចាប់ផ្តើមរយៈពេលជិត ៥០ថ្ងៃមកហើយ ប៉ុន្តែវានៅមានល្បឿនយឺតជាងយុទ្ធនាការកាលពីការបោះឆ្នោតមុនៗ។

ក្នុងរបាយការណ៍ខាងលើ ក្រុមអ្នកស្រាវជ្រាវប្រចាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើនេះបានលើកឡើងថា គណនីដែលមានភាពជាប់ទាក់ទងជាមួយរដ្ឋាភិបាលរុស្ស៊ីកំពុងធ្វើការផ្សព្វផ្សាយមាតិកាដែលខ្លឹមសារបង្កឲ្យមានខ្វែងគំនិតគ្នាដោយដាក់គោលដៅលើជនជាតិអាមេរិក ដែលក្នុងនោះរួមមានដូចជា ការរិះគន់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាមេរិកចំពោះអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ីជាដើម។

ជុំវិញការចេញផ្សាយរបាយការណ៍ខាងលើនេះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែកាលពីខែមុន វិមានក្រឹមឡាំងបានលើកឡើងថា ខ្លួននឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកនាខែវិច្ឆិកាខាងមុខនេះនោះទេ។ ជាមួយគ្នានោះ ស្ថាប័នដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ីមួយនេះ ក៏បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនបានរៀបចំយុទ្ធនាការដើម្បីបំភ័ន្តការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៦ និងក្នុងឆ្នាំ២០២០ផងដែរ។

ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Microsoft បាននិយាយថា ខណៈពេលដែលសកម្មភាពរបស់រុស្ស៊ីដែលខ្លួនកំណត់បាននៅមិនទាន់ភាពខ្លាំងក្លាដូចកាលពីការបោះឆ្នោតមុនៗនៅឡើយនោះ វាអាចនឹងមានការកើនឡើងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ពោលគឺនៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់។

ក្រុមអ្នកស្រាវជ្រាវខាងលើនេះបានបន្តថា ខ្លួនបានតាមដាន និងសង្កេតឃើញថា សកម្មភាពផ្ញើសារទាក់ទងនឹងប្រទេសអ៊ុយក្រែនទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានកើនឡើងយ៉ាងក្តៅគគុកក្នុងរយៈពេល ០២ខែចុងក្រោយនេះ ជាមួយនឹងយុទ្ធនាការបែបសម្ងាត់ និងបើកចំហរយ៉ាងហោចណាស់ចំនួន ៧០ដែលត្រូវបានកំណត់ថាមានជាប់ពាក់ព័ន្ធជាមួយប្រទេសរុស្ស៊ី។

សូមជម្រាបថា យុទ្ធនាការទាំងនោះមាន​គោល​បំណង​ផ្សព្វផ្សាយព័ត៌មាន​មិន​ពិតនៅលើប្រព័ន្ធ​អ៊ីនធឺណិត​ជា​ភាសា​ផ្សេង​ៗ ដោយ​ជា​ធម្មតា​ការ​ផ្សព្វផ្សាយនោះ​ចាប់​ផ្ដើម​ដោយ​អ្នក​រាយការណ៍​ព័ត៌មាន​ជាក់​ស្តែង ឬ​ជាអ្នក​កាសែត​ដែល​បង្ហោះ​មាតិកាទាំងនោះ​លើ​ឆានែលវីដេអូរបស់ពួកគេ។ បន្ទាប់មក មាតិកានោះត្រូវបានយកទៅផ្សព្វផ្សាយដោយបណ្តាញនៃគេហទំព័រនានា ដែលនៅទីបំផុត បន្ទាប់ពីបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនថ្ងៃ ឬជាច្រើនសប្តាហ៍រួចមក ទស្សនិកជនដែលជាពលរដ្ឋអាមេរិកនឹងនាំគ្នានិយាយអំពីរឿងនោះ ហើយនឹងបង្ហោះព័ត៌មានមិនពិតទាំងនោះឡើងវិញដោយមិនចាប់អារម្មណ៍ពីប្រភពដើមរបស់វានោះទេ។

ក្រៅពីវិធីសាស្រ្តខាងលើ ការប្រើប្រាស់បច្ចេកទេសវាយប្រហារដែលគេហៅថា Malicious ជាមួយបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ពីសំណាក់សត្រូវបរទេសដែលដាក់គោលដៅលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក៏ជាក្តីកង្វល់ដ៏សំខាន់ដែលត្រូវបានលើកឡើងដោយអ្នកសង្កេតការណ៍នយោបាយអាមេរិកផងដែរ។ ប៉ុន្តែក្រុមហ៊ុន Microsoft បាននិយាយថាខ្លួនបានរកឃើញថាការក្លែងបន្លំបែបសាមញ្ញតាមប្រព័ន្ធឌីជីថល គឺជារឿងងាយស្រួលជាងការក្លែងបន្លំបែប deepfakes ដោយប្រើប្រាស់ AI ទៅទៀត ហើយការក្លែងបន្លំសំឡេងក៏មានផលប៉ះពាល់ធំជាងការក្លែងបន្លំវីដេអូផងដែរ។

តាមការបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវខាងលើ កម្រមានមាតិកាទាក់ទងនឹងកិច្ចការប្រទេសជាតិណាដែលត្រូវបានរៀបចំឡើងដោយ AI អាចទទួលបានការចាប់អារម្មណ៍ច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមណាស់ ដោយកន្លងមកមានតែករណីមួយចំនួនប៉ុណ្ណោះ។

អ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា ឧបាយកលដ៏សាមញ្ញបំផុត គឺមិនមែនជាការងារស្មុគ្រស្មាញដែលទាក់ទងនឹង AI ទេនោះ ប៉ុន្តែវាគឺជាមាតិកាដែលមានខ្លឹមសារប្រកបដោយឥទ្ធិពលបំផុត៕