ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមហ៊ុន Foxconn ចង់ក្លាយជាអ្នកបង្កើតសន្តិភាពសម្រាប់សហរដ្ឋអាមេរិក ចិននិងកោះតៃវ៉ាន់

Reuters: នៅព្រឹកថ្ងៃច័ន្ទ (ទី០៦ ឧសភា) នេះ ប្រធានក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតរបស់ក្រុមហ៊ុន Apple បានលើកទ្បើងថា លោកបានប្រាប់ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ថាលោកចង់ក្លាយជាអ្នកបង្កើតសន្តិភាពរវាងសហរដ្ឋអាមេរិក ចិននិងកោះតៃវ៉ាន់ដែលទីក្រុងប៉េកាំងតែងតែអះអាងថាជាដែនអធិបតេយ្យរបស់ខ្លួន។
 
មហាសេដ្ឋីនិងជាមេដឹកនាំក្រុមហ៊ុន Foxconn លោក ធើរី ហ្គូ (Terry Gou) ដែលបានប្រកាសកាលពីមេសាកន្លងទៅថ្មីៗថាលោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីកោះតៃវ៉ាន់ក្នុងការបោះឆ្នោតឆ្នាំ២០២០នោះបានលើកទ្បើងដូចខាងលើនេះក្នុងឱកាសនៃជំនួបរបស់ជាមួយលោក ត្រាំ (Trump) កាលពីសប្តាហ៍មុនដើម្បីពិភាក្សាអំពីស្ថានភាពវិនិយោគរបស់ក្រុមហ៊ុនតៃវ៉ាន់មួយនេះនៅរដ្ឋ វីសខនស៊ីន (Wisconsin)។
 
ថ្លែងដោយប្រើប្រាស់ឈ្មោះផ្លូវការរបស់កោះតៃវ៉ាន់ លោក ហ្គូ (Gou) បានលើកទ្បើងថាទីក្រុងប៉េកាំងត្រូវតែទទួលស្គាល់នូវអត្ថិភាពនៃ “សាធារណរដ្ឋចិន”។
 
គួរឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែចាត់ទុកកោះតែវ៉ាន់ថាជាបំបែកខេត្តមួយរបស់ខ្លួនដែលជាផ្នែកមួយនៃគោលនយោបាយ “ប្រទេសចិនតែមួយ” ហើយរដ្ឋាភិបាលនេះមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំងបាយដើម្បីទាញយកកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ។ ស្របគ្នានេះដែរ សហរដ្ឋអាមេរិកក៏បានទទួលស្គាល់ផងដែរថាប្រទេសចិនបានប្រកាន់យកគោលនយោបាយចិនតែមួយដែលក្នុងនោះកោះតៃវ៉ាន់ក៏ជាផ្នែកមួយនៃប្រទេសចិនផងដែរ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏ជាសម្ព័ន្ធមិត្តដ៏ធំបំផុតនិងជាអ្នកផ្គត់ផ្គង់អាវុធទៅឲ្យកោះតៃវ៉ាន់ផងដែរដែលនេះបានតម្រូវឲ្យមហាអំណាចដ៏ធំជាងគេលើពិភពលោកមួយនេះត្រូវមានកាតព្វកិច្ចផ្នែកច្បាប់ដើម្បីជួយកោះនេះក្នុងការការពារខ្លួនពីប្រទេសចិន។
 
សូមជម្រាបថា លោក ហ្គូ (Gou) ក៏បានវាយប្រហារទៅលើក្រុមអ្នករិះគន់ដែលកំពុងព្យាយាមធ្វើឱ្យលោកក្លាយជាចំណាប់ខ្មាំងដោយសារតែការវិនិយោគរបស់ក្រុមហ៊ុន Foxconn នៅក្នុងប្រទេសចិនផងដែរ។
 
គួររំលឹកថា មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកនិងប្រទេសចិនបាននឹងកំពុងស្ថិតក្នុងជម្លោះពាណិជ្ជកម្មដោយលោក ត្រាំ (Trump) បានបង្កើនសម្ពាធយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ (ទី០៥ ឧសភា) ម្សិលមិញនេះដោយប្រកាសថាលោកនឹងបង្កើនពន្ធលើទំនិញនាំចូលរបស់ចិនទៅកាន់សហរដ្ឋអាមេរិកដែលមានទំហំ២០០ពាន់លានដុល្លារនៅសប្តាហ៍នេះនិងកំណត់គោលដៅសម្រាប់ទំនិញដែលមានតម្លៃរាប់រយលានបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។
 
លោក ហ្គូ (Gou) បានមានប្រសាសន៍ថា ជម្លោះពាណិជ្ជកម្មរវាងមហាយក្សទាំង២របស់ពិភពលោកខាងលើនេះអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗ ប៉ុន្តែភាពតានតឹងកាន់តែខ្លាំងទ្បើងៗរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនអាចនឹងអូសបន្លាយរយៈពេលយូរ។
 
គួរជម្រាបផងដែរថា សហរដ្ឋអាមេរិកក៏បានដាក់សម្ពាធទៅលើប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យកំណត់តួនាទីរបស់ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍របស់ចិនដែលមានដូចជា ក្រុមហ៊ុន Huawei Technologies ជាដើមជុំវិញការព្រួយបារម្ភថាឧបករណ៍របស់ក្រុមហ៊ុននេះអាចនឹងត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងសម្រាប់ធ្វើចារកម្ម។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei បានឆ្លើយតបទៅវិញថាការព្រួយបារម្ភដូចខាងលើនេះគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។
 
ក្រលេកមកក្រុមហ៊ុន Foxconn វិញ លោកហ្គូ (Gou) បានឲ្យដឹងថា ក្រុមហ៊ុនលោកបានសន្យាថានឹងបង្កើតការងារចំនួន១៣០០០កន្លែងនិងបង្កើតទីតាំងក្រុមហ៊ុនរបស់ខ្លួននៅរដ្ឋ វីសខនស៊ីន (Wisconsin) សហរដ្ឋអាមេរិកដែលនឹងត្រូវចំណាយថវិកាទំហំ១០ពាន់លានដុល្លារដោយលោកបានបញ្ជាក់ថា ការវិនិយោគរបនៅក្នុងរដ្ឋនេះគឺដើម្បីជួយឱ្យសហរដ្ឋអាមេរិកកែសម្រួលខ្សែចង្វាក់ផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យារបស់ខ្លួន។
 
កាលពីខែមុន លោកក៏បានប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) ផងដែរថាលោកគ្រោងនឹងដកខ្លួនពីតំណែងជាក្រុមហ៊ុនតម្លើងស្មាតហ្វូនធំបំផុតរបស់ពិភពលោកដើម្បីបើកឱកាសសម្រាប់អ្នកមានទេពកោសល្យវ័យក្មេងជំនាន់ក្រោយក្នុងការផ្លាស់ប្តូរចំណាត់ក្រុមហ៊ុនរបស់ពួកគេ។
 
-DM-