ព័ត៌មានក្នុងប្រទេស

អបអរសាទរ​ពិធីសម្ពោធឆ្លងខ្លោងទ្វារនឹងបញ្ចុះបឋមសិលាសាងសង់សាលាឆាន់នៅវត្តទេពនិមិត្តហៅវត្តថ្មី

ខេត្តកោះកុង៖ ថ្ងៃពុធ ៤ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ បញ្ចុះបឋមសិលាសាងសង់សាលាឆាន់ បំបួសកុលបុត្រ ប្រគេនព្រះសង្ឃវត្តទេពនិមិត្ត ហៅវត្តថ្មី​ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី​កិត្តិ ឧទ្ទេសបណ្ឌិត បូរ គ្រី សម្តេចព្រះមហាសង្ឃរាជ​ នៃគណ:ធម្មយុត្តិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកយាយ លោកតា ពុទ្ធបរិស័ទ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ដោយ មានសុខសន្តិភាពពាសពេញប្រទេស រាជរដ្ឋាភិបាលកម្ពុជា មានស្តារ និងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ហើយបានជួយជីវភាព របស់ប្រជាពលរដ្ឋកើនឡើងជាលំដាប់។ ជាក់ស្តែងថ្ងៃនេះ កើតចេញពីការរួមចំណែក និងសាមគ្គី របស់ព្រះសង្ឃគ្រប់ព្រះអង្គ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជនគ្រប់ទិសទី បានសាងសង់ខ្លោងទ្វារ បញ្ចុះបឋមសិលាសាងសង់សាលាឆាន់ បំបួសកុលបុត្រ ប្រគេនព្រះសង្ឃវត្តទេពនិមិត្ត ហៅវត្តថ្មី​ ព្រមទាំងសមិទ្ធផលនានាក្នុងវត្ត សម្រាប់បម្រើការងារអោយវិស័យព្រះពុទ្ធសាសនា៕