ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការរងខេត្ដកណ្ដាលផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៩ស.ណ.ន របស់ក្រសួងមហាផ្ទៃ នៅអធិការដ្ឋានស្រុកស្អាង

កណ្ដាលៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងទទួលផែនការងារភស្តុភា និងហិរញ្ញវត្ថុ តំណាងលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំសហការី ធ្វើពិធីផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៩ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងអាវុធជាតិផ្ទុះ និងមធ្យោបាយ ដល់កម្លាំងនគរបាលទូរទាំងស្រុកស្អាង ដើម្បីជ្រួតជ្រាប ។ ពិធីនេះ ធ្វើនៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកស្អាង ដោយមានការចូលរួម ពីលោកអធិការ-អធិការរងគ្រប់ផែន ,នាយ-នាយរងផ្នែក ,មន្រ្ដីផ្នែក ,នាយ-នាយរងប៉ុស្ដិ៍គ្រប់ប៉ុស្ដិ៍ និងមន្ដ្រីប៉ុស្ដិ៍ ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកស្អាង សរុប១០៤រូប ។
លោកឧត្ដមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌ វិជ្ជាជីវៈ និងឆន្ទៈមោះមុតបម្រើការងារសំដៅលើកកម្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍ ការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះនិងមធ្យោបាយ ចំនួន១០ចំណុចជូនដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយជូនដល់មន្ត្រីនគរបាលក្រោមឱវាទបានជ្រួតជ្រាប យកទៅអនុវត្តឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ។
បន្ទាប់ពីផ្សព្វផ្សាយសេចក្ដីណែនាំលេខ០១៩ របស់ក្រសួងមហាផ្ទៃរួច លោកស្នងការរង ក៏បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវខិតខំអនុវត្តតាមសេចក្តីណែនាំលេខ០១៩នេះ ឲ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និងមិនត្រូវភ្លេចតួនាទីរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋនោះទេ ៕