អនុរដ្ឋលេខាធិការរដ្ឋបាលរាជធានី-ខេត្ត

ក្រសួងទេសចរណ៍ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទឆ្លាតវៃ Mobile Application “Kingdom of Wonder”

ខេត្តសៀមរាប៖​ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល (Digital System) និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទឆ្លាតវៃ Mobile Application “Kingdom of Wonder” នៅសាលសន្និសីទនៃសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ។
កម្មវិធីនេះមានការចូលរួមពីវាគ្មិនល្បីៗ និងមានបទពិសោធន៍ច្បាស់លាស់មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក រួមមាន កម្ពុជា សហរដ្ឋអាមេរិក សឹង្ហបុរី ឥណ្ឌា ចិន និងថៃ ព្រមទាំងមាន តំណាងស្ថាប័នពាក់ព័ន្ធមកពីផ្នែករដ្ឋ សាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ គ្រឹះស្ថានអង្គរ សារមន្ទីរជាតិអង្គរ មន្ទីរទេសចរណ៍រាជធានី – ខេត្ត និងផ្នែកឯកជននានា រួមមានសមាគមទីភ្នាក់ងារទេសចរណ៍ CATA, PATACC, សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ប្រតិបត្តិករទេសចរណ៍ (Travel Agent) សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ បណ្តាញសារព័ត៌មាន និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិប្រមាណជាង៥០០នាក់ ។
ឯកឧត្តម គុជ បញ្ញាសា បានមានប្រសាសន៍ថាគោលបំណងនៃសិក្ខាសាលា គឺបង្កើនការយល់ដឹង និងចែករំលែកបទពិសោធន៍ដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយសេវាកម្មនានាក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងមានប្រសិទ្ធភាពខ្ពស់ស្របតាមនិន្នាការថ្មីនៃសកលលោកនាយុគសម័យឧស្សាហកម្ម ៤.០ ។ ដូច្នេះទើបក្រសួងទេសចរណ៍រៀបចំ Mobile Application “Kingdom of Wonder” នេះឡើង និងស្នើភាគីពាក់ព័ន្ធក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយដល់បណ្តាញ និងអតិថិជនរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ និងត្រៀមខ្លួនឆក់យកឱកាសទាញយកប្រយោជន៍ពីប្រព័ន្ធឌីជីថលឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសប្រែក្លាយសេវាកម្មនៃអាជីវកម្មរបស់ខ្លួនឱ្យស្របតាមនិន្នាការថ្មីនៃសកលលោក ។
គួរកត់សម្គាល់ថា និន្នការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល (Digital) ទទួលបានការពេញនិយមកាន់តែច្រើនពីសំណាក់ប្រជាជនក៏ដូចជាទេសចរជុំវិញពិភពលោក ដោយគិតត្រឹមឆ្នាំ២០១៨ មានអ្នកប្រើប្រាស់រហូតដល់៤,១ ពាន់លាននាក់ ក្នុងនោះ Facebook មានអ្នកប្រើប្រាស់ចំនួន២,៣២ ពាន់លាននាក់ និង YouTube មានអ្នកប្រើប្រាស់ចំនួន១,៨ ពាន់លាននាក់។ ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមរយៈប្រព័ន្ធឌីជីថលទៅកាន់ទីផ្សារអាទិភាពមួយចំនួនដូចជា ចិន ជប៉ុន កូរ៉េ រុស្ស៊ីនិងអាស៊ាន ដោយបានផលិតកម្មវិធីទូរស័ព្ទឆ្លាតវៃមួយដែលមានឈ្មោះថា Kingdom of Wonder ដែលដាក់ឱ្យទេសចរជាតិ-អន្តរជាតិទាញយក (Download) ក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store) ដោយឥតគិតថ្លៃ។ កម្មវិធីទូរស័ព្ទឆ្លាតវ័យ Kingdom of Wonder គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមានគោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀតដែលផ្តល់ភាពងាយស្រួល ព័ត៌មានកាន់តែសម្បូរបែប និងគ្រប់ជ្រុងជ្រោយថែមទៀតដល់អ្នកទេសចរដែលមានបំណងទស្សនាកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគត ។
ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៦,២លាននាក់ ក្នុងកំណើន ១០,៧% និងនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១លាន ៨៧ម៉ឺននាក់ កើនឡើង ៩,៧%។ តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃខាងលើ ក្រសួងទេសចរណ៍សង្ឃឹមថាទេសចរជាតិ-អន្តរជាតិនិងក្រុមហ៊ុនទេសចរណ៍ទាំងអស់មានភាពងាយស្រួលក្នុ្ងងការស្វែងរកពត៌មានទេសចរ តាមរយៈAppខាងលើដើម្បីសម្រេចនូវកំនើនទេសចរ ៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ ជាង៧លាននាក់នៅឆ្នាំ២០២០ ។ បើទោះជាយ៉ាងនេះក្តី លោកនាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថានៅក្នុងពេលដែលពិភពលោកកំពុងរីកចម្រើន លើប្រព័ន្ធបច្ចេកវិជ្ជា ប្រទេសនៅក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផង ហាក់បីដូចជាបោះជំហានយឺត។ ប៉ុន្តែយ៉ាងនេះសង្ឃឹមថា វាជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា៕