បច្ចេកវិទ្យា

Huawei នឹងនាំចេញស្មាតហ្វូន២៦០លានគ្រឿងក្នុងឆ្នាំ២០១៩

GSMARENA: យោងតាមការលើកឡើងរបស់អ្នកវិភាគផ្នែកទីផ្សារមួយរូបបានឲ្យដឹងថា ក្រុមហ៊ុនបច្ចកវិទ្យាកំពូល Huawei របស់ចិននឹងអាចលក់ស្មាតហ្វូនរបស់ខ្លួនលើសពីការរំពឹងទុកសម្រាប់ឆ្នាំ២០១៩នេះ បើទោះបីជាក្រុមហ៊ុនយក្សខាងលើបានរងការដកហូតអាជ្ញាប័ណ្ណក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google កាលពីខែឧសភាកន្លងទៅនេះយ៉ាងណាក្តី។

ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលរបស់ចិននិងជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនជាងគេបំផុតលំដាប់ទី២នៅលើពិភពលោកខាងលើនេះ បានព្យាករណ៍ថាការនាំចេញស្មាតហ្វូនសរុបរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩នឹងមានចំនួន២៥០លានគ្រឿង។

ជាមួយគ្នានេះដែរ លោក ហ្គូវ មីងហោ (Guo Minghao) ដែលជាអ្នកវិភាគផ្នែកទីផ្សារដ៏ល្បីល្បាញមួយរូបបានធ្វើការព្យាករណ៍ថា ក្នុងឆ្នាំ២០១៩នេះ Huawei នឹងអាចនាំចេញស្មាតហ្វូនសរុបរហូតដល់២៦០លាន ពោលគឺលើសពីចំនួនដែលក្រុមហ៊ុននេះបានព្យាករណ៍ទៅទៀត។

លោក ហ្គូវ មីងហោ (Guo Minghao) បានលើកឡើងថា កត្តាចំបងបំផុតក្នុងភាពជោគជ័យរបស់ក្រុមហ៊ុន Huawei គឺទីផ្សារប្រទេសចិនខ្លួនឯងផ្ទាល់តែម្តង ដោយវាបានជួយក្រុមហ៊ុននេះឲ្យបង្កើនការលក់របស់ខ្លួនបានយ៉ាងច្រើននៅក្នុងឆ្នាំនេះ ស្របពេលនៃការកើនឡើងភាពតាន​តឹង​នៃសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

អ្នកវិភាគដដែលបានបន្តថា “លើសពីនេះ ការងើបឡើងវិញនៃការលក់ក្នុងទីផ្សារបរទេសមួយចំនួន ក៏ជាកត្តាវិជ្ជមានដែលជម្រុញក្រុមហ៊ុន Huawei ឲ្យទទួលបានជោគជ័យផងដែរ។”

ជាងនេះទៅទៀត លោក ហ្គូវ មីងហោ (Guo Minghao) ក៏បានរំពឹងផងដែរថា ក្រុមហ៊ុន Huawei នឹងអាចឆ្លងកាត់បញ្ហាដែលខ្លួនកំពុងប្រឈមជាមួយអាជ្ញាធរអាមេរិកនៅត្រឹមចុងខែកក្កដានេះ ព្រោះវាគឺជាកត្តាដ៏សំខាន់មួយដែលនឹងជួយឱ្យក្រុមហ៊ុននេះមានសន្ទុះការលក់ឡើងវិញដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងដែលកំពុងកាន់តំណែងជាក្រុមហ៊ុនលក់ស្មាតហ្វូនធំបំផុតនៅលើពិភពលោក។