ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

Adobe នឹងបញ្ចេញកម្មវិធី Photoshop បំពាក់ជាមួយមុខងារពេញលេញក្នុងការបង្កើតរូបភាពដោយ AI នៅក្នុងឆ្នាំនេះ

នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Adobe បានប្រកាសថាខ្លួនគ្រោងនឹងបំពាក់មុខងារពេញលេញក្នុងការបង្កើតរូបភាពដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅលើកម្មវិធី Photoshopរបស់ខ្លួននៅចុងឆ្នាំនេះ។

សូមជម្រាបថា កម្មវិធីកែរូបភាព និងវីដេអូដ៏ពេញនិយមរបស់ក្រុមហ៊ុន Adobe ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកជំនាញក្នុងវិស័យរចនារូបភាព និងវីដេអូ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ កម្មវិធីទាំងនោះបានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែកើនឡើងជាបន្តបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាច្រើនដូចជា OpenAI ដែលទទួលបានការគាំទ្រពី Microsoft, ក្រុមហ៊ុន Midjourney និង Stability AI ជាដើម ដែលសុទ្ធសឹងជាកម្មវិធីដែលផ្តល់មុខងារក្នុងការបង្កើតរូបភាពតាមពាក្យពេចន៍ដែលអ្នកប្រើប្រាស់សរសេររៀបរាប់។

ពេលនេះ Adobe កំពុងបង្កើតប្រព័ន្ធបង្កើតរូបភាពផ្ទាល់ខ្លួនដោយផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានឈ្មោះថា Firefly ដែលត្រូវបានបណ្តុះបណ្តាលតាមរយៈទិន្នន័យដែល Adobeមានសិទ្ធិក្នុងគ្រប់គ្រង ដើម្បីជៀសវាងការទាមទារសំណងទាក់ទងនឹងការរំលោភសិទ្ធិម្ចាស់ដើមប្រឆាំងនឹងអ្នកប្រើប្រាស់របស់ខ្លួន។

សូមបញ្ជាក់ថា កន្លងមក Adobe បានបញ្ចេញមុខងារបង្កើតរូបភាពក្នុងកម្មវិធី Photoshop របស់ខ្លួនដែលមានសមត្ថភាពអាចបំពេញបន្ថែម ឬពង្រីកផ្នែកផ្សេងៗនៃរូបភាពដែលមានស្រាប់រួចមកហើយ។

ព័ត៌មាននៃការបញ្ចេញមុខងារបង្កើតរូបភាពពេញលេញជាមួយ AI ក្នុងកម្មវិធី Photoshop ខាងលើនេះ ត្រូវបានប្រកាសនៅក្នុងសន្និសិទមួយក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ ដោយក្រុមហ៊ុន Adobe បានបញ្ជាក់ថាមុខងារនេះនឹងដំណើរការដោយពឹងផ្អែកលើប្រព័ន្ធ AI ថ្មីមួយដែលមានឈ្មោះថា Firefly Image 3

គួរឲ្យដឹងថា ភាគច្រើននៃការផ្តោតសំខាន់របស់ Adobe គឺទៅលើការបង្កើនល្បឿនការងាររបស់អ្នកជំនាញដែលប្រើប្រាស់កម្មវិធីរបស់ខ្លួន។

ជាមួយមុខងារបង្កើតរូបភាពថ្មីនេះ អ្នកប្រើប្រាស់នឹងអាចធ្វើការបង្កើតរូបភាពដោយផ្អែកលើរូបភាពយោងដែលខ្លួនប្រើសម្រាប់ធ្វើការពន្យល់ទៅកាន់ប្រព័ន្ធបង្កើតរូបភាពពីអ្វីដែលខ្លួនចង់បាន។

ក្នុងការប្រកាសខាងលើ Adobe បានបញ្ជាក់ថា កំណែសាកល្បង (beta) នៃកម្មវិធី Photoshop  ដែលភ្ជាប់មកជាមួយមុខងារនេះ ត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់មួយចំនួនហើយនៅថ្ងៃអង្គារនេះ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់សម្រាប់ការដាក់ឲ្យប្រើប្រាស់ទូទៅនៅឡើយទេ៕