ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមប្រឹក្សាជាតិដើម្បីកុមារសម្រាប់ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១ មិថុនា រៀងរាល់ឆ្នាំ គឺជាថ្ងៃសំខាន់សម្រាប់កុមារទូទាំងប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។  នេះជាការលើកឡើងរបស់លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងកិច្ចប្រជុំសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមប្រឹក្សាជាតិដើម្បីកុមារសម្រាប់ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា ការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សម្រាប់ខេត្តបន្ទាយមានជ័យ គឺបានសម្រេចដែលមានសមាសភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តជាប្រធានកិត្តិយស លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត ជាប្រធាន និង លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចអតិតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ជាអនុប្រធាន និងមានអស់លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានា ស្ថាប័នប្រដាប់អាវុធ ជាអនុប្រធាន និងជាសមាជិក។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តមានប្រសាសន៍ថា ៖ ក្រុមប្រឹក្សាជាតិដើម្បីកុមារ គឺមានតួនាទីភារកិច្ចសំខាន់ណាស់ក្នុងការពិគ្រោះយោបល់ សម្របសម្រួលសកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហាកុមារនៅខេត្ត។

-ពិនិត្យតាមដាន វាយតម្លៃ លើការអនុវត្តអនុសញ្ញាស្ដីពី សិទ្ធិកុមារកម្មវិធីជាតិសម្រាប់កុមារខេត្តបន្ទាយមានជ័យ និងលើកសំណើរជូនក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ និងបញ្ហាទាំងឡាយដែលធានា ឧត្តមប្រយោជន៍របស់កុមារនៅក្នុងខេត្តបន្ទាយមានជ័យ ។

-ធ្វើការផ្សព្វផ្សាយច្បាប់ អនុសញ្ញាស្ដីពីសិទ្ធិកុមារ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល និង ក្រុមប្រឹក្សាជាតិដើម្បីកុមារពាក់ព័ន្ធ និងបញ្ហានានារបស់កុមារ បំផុសចលនាគាំទ្រការអនុវត្តសិទ្ធិកុមារអោយមានប្រសិទ្ធភាព។

-រៀបចំផែនការ កម្មវិធី និងសកម្មភាពផ្សេងៗ ដើម្បីឧត្តមប្រយោជន៍កុមារសម្រាប់ខេត្តបន្ទាយមានជ័យ មានជាអាទិ៍ ការគោរព និងអនុវត្តសិទ្ធិកុមារ ការរស់រានមានជីវិត ការអភិវឌ្ឍការការពារ ការលើកកម្ពស់សុខុមាលភាព ការចូលរួមចំណែករបស់កុមារ ការប្រឆាំងនឹងអំពើហិង្សា ការទប់ស្កាត់ ការលុបបំបាត់ការកេងប្រវ័ញ្ចគ្រប់រូបភាពមកលើកុមារ និងការប្រឆាំងនឹងការជួញដូរគ្រឿងញៀន។

-ត្រូវធ្វើការទំនាក់ទំនងជាមួយអង្គការជាតិ អន្តរជាតិ អង្គការមិនមែនរាជរដ្ឋាភិបាល ដែលមានគម្រងការងារពាក់ព័ន្ធនឹងកុមារនៅខេត្តបន្ទាយមានជ័យ ដើម្បីរកជំនួយឧបត្ថម្ភ និងផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ ទស្សនៈរីកចម្រើន ដែលទំនាក់ទំនងនឹងគោលដៅរួមក្នុងការកែលម្អស្ថានភាពកុមារឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។