ព័ត៌មានអន្តរជាតិ

ជប៉ុនពិចារណាលើច្បាប់ស្តីពីការរាយការណ៍អំពីភាពជាម្ចាស់កម្មសិទ្ធិដើម្បីរឹតបន្តឹងការវិនិយោគរបស់ចិន

Reuters: យោងតាមការលើកឡើងពីសំណាក់មន្រ្តីរដ្ឋាភិបាលជប៉ុនពីររូបបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបាននឹងកំពុងពិចារណាលើការបន្ថយកម្រិតនៃការប្រកាសភាពជាម្ចាស់កម្មសិទ្ធិដែលនឹងតម្រូវឲ្យជនបរទេសធ្វើការរាយការណ៍ពីភាគហ៊ុនរបស់ខ្លួនដែលមាននៅក្រុមហ៊ុនក្នុងស្រុកជាមុនសិន មុននឹងអាចកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនជប៉ុនបាន ខណៈដែលទីក្រុងតូក្យូបាននឹងកំពុងពិនិត្យមើលការវិនិយោគដ៏មានសក្តានុពលរបស់ចិននៅក្នុងតំបន់ក្រោមហេតុផលសន្តិសុខ។

គួរជម្រាបថា ទង្វើបែបនេះរបស់រដ្ឋាភិបាលទីក្រុងតូក្យូនឹងត្រូវអនុវត្តតាមដំណាក់កាលស្រដៀងគ្នាដែលត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយក៏បានឆ្លុះបញ្ចាំងផងដែរពីភាពមិនប្រក្រតីក្នុងប្រទេសជប៉ុនអំពីលទ្ធភាពដែលក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាលចិនអាចមានឱកាសក្តោបក្តាប់បានបច្ចេកវិទ្យាឈានមុខសំខាន់ៗ។

មន្ត្រីមួយរូបដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបង្ហាញអត្តសញ្ញាណដោយសារតែកិច្ចពិភាក្សាខាងលើមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈបានលើកឡើងថា “យើងត្រូវពង្រឹងការឃ្លាំមើលដើម្បីសន្តិសុខជាតិ ប៉ុន្តែយើងមិនចង់រារាំងការវិនិយោគដោយផ្ទាល់ពីបរទេសនោះទេ។”

មន្រ្តីរូបនោះបានបន្តថា “ខណៈដែលប្រទេសជប៉ុនមិនអាចកំណត់ទិសដៅលើប្រទេសជាក់លាក់ណាមួយក្រោមច្បាប់នៃការផ្តល់របាយការណ៍ខាងលើនេះ ជំហានខាងលើមានគោលបំណងពង្រឹងការឃ្លាំមើលការវិនិយោគរបស់ចិន។”

មន្រ្តីដដែលបានបន្ថែមថា “យោងតាមច្បាប់ដែលកំពុងត្រូវបានអនុវត្តក្នុងពេលបច្ចុប្បន្ននេះ អង្គភាពឫជនបរទេសត្រូវបានតម្រូវឱ្យធ្វើការរាយការណ៍ពីភាពជាម្ចាស់នៅក្នុងក្រុមហ៊ុនជប៉ុននៅពេលដែលខ្លួនមានផែនការក្នុងការកាន់កាប់ភាគហ៊ុនយ៉ាងតិច១០ភាគរយ។ យ៉ាងណាមិញ ការផ្លាស់ប្តូរខាងលើនឹងធ្វើឲ្យមានការកាត់បន្ថយកម្រិតចំនួនខាងលើបើទោះបីចំនួននេះកំពុងស្ថិតក្នុងការពិភាក្សានៅឡើយយ៉ាងណាក្តី។”

ជាមួយគ្នានេះដែរ មន្រ្តីមួយរូបទៀតបានរៀ​បរាប់ថា សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ក៏បានចាត់វិធានការស្រដៀងគ្នានេះសំដៅលើប្រទេសចិនដែរដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសជប៉ុននៅឆ្ងាយណាស់ពីវិធានការដែលអាមេរិកនិងអាល្លឺម៉ង់បានអនុវត្តប្រសិនបើនិយាយអំពីការការពារសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន។