សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេស

សម្តេចក្រឡាហោម ស​ ខេង អនុញ្ញាតឱ្យសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ជួបសម្តែងការគូរសម មុននឹងទៅបំពេញបេសកកម្មនៅប្រទេសចិន

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន១៤រូប ចួលជួបសម្តែងការគូរសម និងទទួលយកអនុសាសន៍មួយចំនួនពីសម្តេច មុននឹងទៅបំពេញបេសកកម្មនៅប្រទេសចិន។

សមាជិក-សមាជិកាទាំង១៤រូបនេះ គឺត្រូវបានចាត់តាំងឱ្យទៅធ្វើទស្សនកិច្ចសិក្សា និងចូលរួមវគ្គបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតំបន់ស្វាយត័ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសចូលជួបសម្តែងការគួរសមនេះ សមាជិក-សមាជិកាទាំង១៤រូប បានទទួលអនុសាសន៍ពីសម្តេចក្រឡាហោម ដើម្បីពង្រឹងស្មារតី ឆន្ទៈ គោលជំហរ ចំណេះដឹង សមត្ថភាព បទពិសោធន៍ ព្រមទាំងឯកសារគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យអប់រំ កិច្ចការយុវជន និងវិស័យកីឡា របៀបធ្វើការ តម្លៃជាតំណាងរបស់យុវជន និងការត្រៀមខ្លួនធ្វើជាអ្នកតំណាងជាតិ ប្រជាជន យុវជនកម្ពុជា ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ។

ក្នុងនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ៖ ក្នុងក្របខ័ណ្ឌ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក «ការអប់រំ » គឺជាវិស័យដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការរក្សាសន្តិភាពទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។

សម្តេចក្រឡាហោម បានថ្លែងប្រាប់ដល់សមាជិក-សមាជិកាទាំងនោះទៀតថា ៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺបានកំណត់គោលដៅជាអាទិភាពថា «វិស័យអប់រំ» គឺជាចក្ខុវិស័យដ៏សំខាន់មួយតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ពីសំណាក់មនុស្សទាំងអស់នៅក្នុងសង្គម ដែលកំពុងបម្រើការងារនៅតាមគ្រប់ស្ថាប័នពាក់ព័ន្ធ ព្រោះថាវិស័យនេះជាអ្នកបណ្តុះបណ្តាលមនុស្សឱ្យមានចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អ ចេះរស់នៅក្នុងសង្គមដោយសុខដុមរមនាជាមួយគ្នា ព្រមទាំងកសាងសិស្សានុសិស្ស ឱ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដើម្បីឈានទៅចូលរួមចំណែក សម្រេចទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ ប្រកបដោយកគុណភាពខ្ពស់ សម្រាប់ជាយន្តការ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាដើម៕