ព័ត៌មានក្នុងប្រទេស

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញបន្តសម្ពោធអណ្ដូងទឹកស្នប់ដែលជាជំនួយរបស់អង្គការស៊ីប៊ីអិន កម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន៣ឃុំនៃស្រុកសំបូរ ឲ្យប្រើប្រាស់ជាផ្លូវការ

 

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញបន្តសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងស្នប់ទឹកចំនួន១៧អណ្តូង ដែលជាជំនួយរបស់អង្គការស៊ីប៊ីអិនកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំអូរគ្រៀង ឃុំក្បាលដំរី និងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ពិធីនេះបានរៀបចំឡើងនៅសាលាបឋមសិក្សាទួលទ្រាំង ឃុំអូរគ្រៀង ស្រុកសំបូរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកសំបូរ តំណាងអង្គការស៊ីប៊ីអិនកម្ពុជា លោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំង មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ។

បន្ទាប់ពីលោក សូម សារិត អភិបាលស្រុកសំបូរធ្វើកិច្ចស្វាគមន៍ និងរាយការណ៏ពីសកម្មភាពនៃការអភិវឌ្ឍមូលដ្ឋានឃុំស្រុករួចមក លោក នៅ រតនា តំណាងអង្គការស៊ី ប៊ីអិនកម្ពុជាបានបញ្ជាក់ថា អង្គការស៊ីប៊ីអិនកម្ពុជាបានចាប់ដៃអភិវឌ្ឍមូលដ្ឋានជាមួយអាជ្ញាធរខេត្តក្រចេះ តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន ក្នុងគោលដៅធំចូលរួមចំណែកសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការរស់នៅរបស់ប្រជាជនកម្ពុជាបានល្អប្រសើឡើងតាមរយៈនៃការខិតខំផ្ដល់ជំនួយសង្រ្គោះបន្ទាន់ និងយកតចិត្តទុដាក់ចំពោះភាពក្រីក្រ ផ្ដល់ការពិនិត្យ និងព្យាបាលជម្ងឺ ព្រមទាំងផ្ដល់ការអប់រំផងដែរ ។ 

ក្នុងឱកាសនោះដែរឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៏ថ្លែងអំណរគុណចំពោះអង្គការស៊ីប៊ីអិន កម្ពុជាដែលបានអភិវឌ្ឍ និងជួយគិតគូរសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទឹកដីខេត្តក្រចេះនេះ។ ហើយបញ្ហាសុខភាពគឺជាកត្តាដ៏សំខាន់សម្រាប់ជីវិតរស់នៅ របស់មនុស្សគ្រប់រូប ហើយត្រូវបានគិតគួរ យកចិត្តទុក ដាក់ ខ្ពស់ពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលជានិច្ចកាលតែងតែបានគិតគួរយកចិត្តទុកដាក់ ខ្ពស់ចំពោះសុខទុក្ខ ការលំបាកគ្រប់បែបយ៉ាង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការបក្សនយោបាយអ្វីឡើយ។

ជាពិសេសគឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់រងទុក្ខវេទនាដល់បាត់បង់ជីវិតដោយពុំបានដឹងនោះឡើយ គឺសំដៅធ្វើយ៉ាងណាឲ្យប្រជាជន មានសុខភាពល្អ និងមានជីវភាពកាន់ល្អប្រសើរ ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍឈានឡើងជាលំដាប់ មិនត្រឹមតែប៉ុណ្ណោះបានដឹកនាំឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពយ៉ាងពេញលិញសម្រាប់ជូនប្រជាជនកម្ពុជាយើង ។

ឯកឧត្ដម វ៉ា ថន បានសំណូមពរដល់បងប្អូនត្រូវជំរុញឲ្យកូនចៅទៅសាលារៀនបានគ្រប់ៗគ្នាហើយត្រូវចេះថែរក្សាសុខភាព ក្នុងការរស់នៅប្រកបដោយ មានអនាម័យ និងបរិស្ថានល្អ ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀនជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរអោយបានត្រឹមត្រូវ ចេះមានការប្រុងប្រយ័ត្ន ខ្ពស់បង្ការកុំអោយកើតមានគ្រោះអគ្គីភ័យកើតឡើង ជាពិសេសបច្ចុប្បន្នអ្វីដែលយើងកំពុងព្រួយបារម្មណ៏គឺបញ្ហាគ្រោះធម្មជាតិផ្សេង។