ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរស៣នាក់ ផឹកស្រាស្រវឹងនាំគ្នាចុះបេះត្រកួននៅអាងអូរខៃដន លង់ទឹកស្លាប់ម្នាក់ ២នាក់ទៀតជួយសង្គ្រោះបាន

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ក្នុងចំណោមបុរស៣នាក់បានស្លាប់ ក្រោយពីជួបជុំគ្នាផឹកស៊ីរួចហើយ បានបបួលគ្នាចុះទៅក្នុងអាងអូរខៃដន ដើម្បីបេះត្រកួនទាំងពួកគេស្ថិតក្នុងស្ថានភាពស្រវឹង។ ពេលចុះបេះត្រកួន បុរសទាំង៣នាក់បានលង់ទឹកអាងនោះ ខណៈនោះជនរងគ្រោះ ក៏ស្រែកហៅឲ្យគេជួយ ពេលនោះត្រូវបានអ្នកនេសាទនៅក្បែរនោះជួយចេញទូកមកជួយសង្គ្រោះបាន២នាក់ ចំណែកម្នាក់ទៀតលង់ទឹកស្លាប់ទៅហើយ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅ​ចំណុចទំនប់អាងអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបានគេស្គាល់ឈ្មោះ ម៉េង មុំ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។បើយោងតាមប្រភពព័ត៌​មានពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុ បុរសទាំង៣នាក់នេះ បានមកជួបជុំគ្នាផឹកស៊ី អង្គុយនៅលើទំនប់អាងអូរខៃដន ក្រោយមកក៏បានបបួលគ្នា ចុះហែលទឹកទៅបេះត្រកួននៅក្នុងអាង ចម្ងាយប្រហែល៤០ម៉ែត្រ ខណៈនោះពួកគេកំពុងហែលទឹកដោយសភាពស្រវឹង និងអស់កម្លាំងផងទៅមុខលែងរួច ក៏បានលង់ទឹក ស្រែកហៅឲ្យគេជួយ និងត្រូវបានទូកអ្នកនេសាទនៅក្បែរនោះទៅជួយសង្រ្គោះបាន២នាក់ ម្នាក់ទៀតត្រូវបានលិចជួយមិនទាន់។ ការនាំគ្នារាវរកសពចំណាយពេលរហូតដល់ម៉ោងប្រមាណ ៩និង២០នាទីយប់ ថ្ងៃដដែល ទើបរកសពឃើញ បញ្ជូនទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា នៅអាងទំនប់អូរខៃដន ក្រុងប៉ោយប៉ែតត្រូវគេមើលឃើញថា ជារៀងរាល់ឆ្នាំតែងតែមានមនុស្សលង់ទឹកស្លាប់ជាបន្តបន្ទាប់។ សមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្ននៅពេលចុះលេងទឹកអាងនេះផងដែរ៕