រដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់ ធ្វើសកម្មភាពខុសច្បាប់ ក្រោមការអូសទាញពី សំណាក់ជនជាតិក្បត់សមរង្ស៊ី

ខេត្តត្បូងឃ្មុំ ៖  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជ្រុលផុងខ្លួនផ្សំគំនិត បង្កចលាចល ធ្វើសកម្មភាពខុសច្បាប់នានា ដោយជឿតាមការញុះញង់ អូសទាញពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី សូមចូលខ្លួនសារភាព ងាកបកក្រោយ នៅមិនទាន់ហួសពេលនោះទេ ព្រោះថារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នៅទទួលធ្វើការលើកលែង គឺសម្តេចមិនដែលបោះបង់ រត់ចោល ពលរដ្ឋខ្មែរម្តងណានោះឡើយក្នុង នាមឈាមជ័រខ្មែរតែមួយ សញ្ជាតិខ្មែរតែមួយ។

ថ្លែងលើកឡើងបែបនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកគ្រឿងសម្ភា:ប្រើប្រាស់ ដែលផ្តល់ដោយក្រុមហ៊ុន យូនីលី វើល ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ ចំនួន៨០០គ្រួសារ មកពី២ឃុំ គឺឃុំមៀន និងឃុំអំពិលតាពក ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែង អំណរគុណដល់ក្រុមហ៊ុន យូនីលីវើល ដែលបានជ្រើសយកខេត្តត្បូងឃ្មុំ ក្នុងការចូលរួមចែករំលែកនូវតម្រូវការរបស់ពលរដ្ឋ ដោយផ្តល់ជាផលិតផលមួយចំនួន ជូនគ្រួសារទាំង៨០០គ្រួសារ ក្នុងស្រុកអូររាំងឪ នាពេលនេះ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើនយោបាយត្រឹមត្រូវ ដឹកនាំប្រទេសជាតិធ្វើឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋ រស់នៅមានភាពសុខសាន្ត ប្រកបមុខរបរការងារបានដោយសេរី ធ្វើឲ្យកម្រិតជីវភាពបានធូរធារ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីភាពរីកចម្រើនក្នុងគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិរបស់យើងបន្តទៅទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៍បន្តអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ កុំជឿតាមការញុះញង់ ឬការបំផុសបំផុលអូសទាញណាមួយ ជាសកម្មភាពបំពានលើច្បាប់ ដែលប៉ះពាល់ដល់សុខសន្តិភាព របស់កម្ពុជាទាំងមូល។

ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ក៍ដូចជាទូទាំងប្រទេស បន្តកាន់ច្រវាចែវទូកសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន និងត្រៀមពិសាររួមគ្នា អំបុកសាមគ្គីនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ដែលជាការពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ៕