ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធសន្និបាត អាណត្តិទី៥ (២០១៩-២០២៥)

ខេត្តកំពង់ចាម ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នេះ បានប្រារព្ធសន្និបាត អាណត្តិទី៥ (២០១៩-២០២៥) ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងកាកបាទក្រហមកម្ពុជា ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ ដែលពិធីនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបប្រមាណជា ២៧០នាក់ ផងដែរ ។

គូសបញ្ជាក់ផងដែរថា អង្គសន្និបាតអាណត្តិទី៥នេះ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំង ឯកឧត្តម ហ៊ុន ណេង ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន ១៩រូប ។ សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព ១៥រូប ស្រី៣រូប ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខា, លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ លោក ហួត វុទ្ធី អនុប្រធាន លោក ប៉ែន ម៉ារឌី អនុប្រធាន លោកជំទាវ ចាន់ វ៉ាន់នី ហេរញ្ញិក និងលោក ស្រី សុភ័ក្រ្ត ជាលេខាធិការគណៈកម្មាធិការសាខា ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំ ដោយ ៖ ១-ពង្រឹងអភិបាលកិច្ចល្អ ។ ២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ។ ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។ ៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន ៖ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឱ្យកាន់តែសកម្មថែមទៀត ។ ៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និងអនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត ។ និង៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ ។

ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីទទួលខុសត្រូវ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៤ សម្រេចបាន និងសំដែងនូវការគាំទ្រ ចំពោះសមាជិក សមាជិកា គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោត និងទិសដៅការងារបន្តសម្រាប់អាណត្តិទី៥ ដែលអង្គសន្និបាត បានអនុម័តផងដែរ ។ ដោយឡែក ជាការឆ្លើយតបឲ្យបានសក្តិសម ទៅនឹងសេចក្តីទុកចិត្ត និងក្តីសង្ឃឹមជឿជាក់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមគណៈកិត្តិយស ក៏សូមធ្វើការប្តេជ្ញាខិតខំឲ្យអស់ពីកម្លាំងកាយ-ចិត្ត ប្រាជ្ញាស្មារតីចែករំលែកពេលវេលា ផ្តល់នូវការជួយឧបត្ថម្ភគាំទ្រ ឲ្យអស់ពីលទ្ធភាព ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដោយសុច្ឆន្ទៈ គោរពតាមគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនា សំដៅបម្រើ ឧត្តមប្រយោជន៍មនុស្សធម៌ រួមចំណែកធ្វើឲ្យសម្រេចតាម ទស្សនវិស័យរបស់កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវជាមូលដ្ឋាន ។ ជាមួយនោះ ក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាពដែលពាក់ព័ន្ធទាំងអស់ទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល សប្បរសជន ដៃគូសហប្រតិបត្តិការ សូមបន្តរក្សា និងពង្រឹងសាមគ្គីភាព លើកកម្ពស់វប្បធម៌ចែករំលែក បំផុសការចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌ មគ្គុទ្ទេសក៍ ដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងព្រះរាជវីរគំរូមនុស្សធម៌ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងផងដែរ ៕