ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ បានអញ្ជេីញចូលរួម​ ពិធីប្រារព្ធ​ទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​ គម្រប់ខួបលេីកទី៦៦​ និងថ្ងៃកំណេីតកងយុទ្ធពលខេមរភូមិន្ទ​

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ​ ១០កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ បានអញ្ជេីញចូលរួម​ និងដឹកនាំកងកម្លាំងនគរបាលចំនួន​ ២២៥នាក់​ ចូលរួមប្រារព្ធ​ទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​ គម្រប់ខួបលេីកទី៦៦​ និងថ្ងៃកំណេីតកងយុទ្ធពលខេមរភូមិន្ទ​ នៅវិមានជ័យជំនះ​ ខេត្តកំពង់ឆ្នាំង​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឡុង​ ឈុនឡៃ​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង​ និងឯកឧត្តមឈួរ​ ច័ន្ទឌឿន​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង​។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ស្នងការក៍បានចាត់កម្លាំងនគរបាលចំនួន​ ១១៥នាក់ផ្សេងទៀត​ ដេីម្បីសហការ​ ការពារ​ សន្តិសុខ​ សណ្តាប់ធ្នាប់​ និងសម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំ​ ដោយធានាបាននូវសុវត្ថិភាពល្អ។

ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទាឯករាជ្យជាតិឲប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ វីរៈភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៍ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និង អភិវឌ្ឍន៍ជាតិឲកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត ៕