ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកអ្នកជិះម៉ូតូរងរបួសធ្ងន់

ខេត្តពោធិ៍សាត់៖​ ជនរងគ្រោះឈ្មោះញឹន ឡេន អាយុ៤៥ឆ្នាំ ភេទប្រុស រស់នៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកកាមរីសេរី២០១៦ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១៨និង០៤នាទីថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នៅលើផ្លូវក្រាលកៅស៊ូ១ខ្សែត្រង់ចំណុចស្ពានថ្មទី៣ ស្ថិតក្នុងភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ1E-6016 បើកតាមបណ្តោយផ្លូវក្រាលកៅស៊ូ១ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ស្រុកតាលោសែនជ័យក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចស្ពានទី៣ ស្រាប់តែមានរថយន្តម៉ាកកាមរី១គ្រឿងពណ៌បៃតងចាស់ពាក់ស្លាកលេខភ្នំពេញ2C-1505 បានកៀរម៉ូតូដួលនៅលើថ្នល់ធ្វើឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ឃើញសភាពមិនស្រួលដោយអ្នកជិះម៉ូតូរងរបួសធ្ងន់ដេកនៅលើផ្លូវអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រម៉ោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅពេទ្យបង្អែកស្រុកបាកាន ដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរមិនអាចព្យាបាលបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងបន្តទៀត ។ លោកវរសេនីយ៍ត្រីហែម មុនី អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីស្វែងរកអ្នកបើកបររថយន្តយកមកចាត់ការតាមនិតិវិធីជូនជនរងគ្រោះ ចំពោះករណីគ្រោះថ្នាក់នេះបណ្តាលមកពីកត្តាល្បឿនទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើង៕