ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីបិទសិក្ខាសាលាស្តីពី សុខភាពនគរបាល នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ក្រោយពីបើកដំណើរការអស់រយៈពេល២ថ្ងៃរួចមក សិក្ខាសាលាស្តីពី សុខភាពនគរបាល ត្រូវបានប្រារព្វពិធីបិទនៅថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សម តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងលោកឧត្តមសេនីយ៍ស្នងការ លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យជំនាញ និងដោយមានការចូលរួមពីសិក្ខាកាមជាមន្រ្តីនគរបាលសរុបចំនួន ១៥៧នាក់ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សម តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងយល់ពីបញ្ហាសុខភាព ដោយចោទជាសំណួរចម្លើយ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់សិក្ខាកាម ។ ឯកឧត្តម ក៏បានមានប្រសាសន៍ថា ៖ បញ្ហាសុខភាពជាបញ្ហាដ៏មានសារៈសំខាន់របស់កងកម្លាំងក្នុងការបំពេញកិច្ចការងាររបស់ខ្លួន អោយឈានទៅរកភាពជោគជ័យ ។ ឯកឧត្តម នាយឧត្តមសេនីយ៏ សម តារា បានបន្ថែមថា ក្រោយទទួលបាននូវចំណេះដឹងល្អៗទាំងនេះ សូមយកទៅប្រើប្រាស់ ដើម្បីមើលថែរក្សាសុខភាពជូនកងកម្លាំងនគរបាលយើងទៅតាមអង្គភាពរបស់ខ្លួនក្នុងការរួមចំណែករក្សា ការពារ សុខសន្តិភាព សុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ ។