ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រគល់ផ្ទះ១ខ្នង ជូនដល់ជនចាស់ជរាគ្មានទីពឹង នៅក្នុងស្រុកមេសាង ខេត្តព្រៃវែង

ខេត្តព្រៃវែង​ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងប្រគល់ផ្ទះ១ខ្នង ជូនដល់លោកតា អ៊ុច ហ៊េល អាយុ៨៥ឆ្នាំ រស់នៅភូមិព្រៃមូល ឃុំព្រៃទទឹង ខេត្តព្រៃវែង។ ពិធីប្រគល់ផ្ទះនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន១៦៨នាក់ ។
គួរបញ្ជាក់ផងដែរថា លោកតា អ៊ុច ហ៊េល ជាគ្រួសារក្រីក្ររស់នៅជាមួយប្រពន្ធ​ និងចៅម្នាក់ដែលមានសតិមិនគ្រប់ដោយគ្រួសារលោកតាមានការខ្វះខាត​ និងរស់នៅក្នុងខ្ទមស្លឹកដែលមានសភាពទ្រុឌទ្រោមខ្លាំង។ ក្នុងនោះដែរដោយមើលឃើញនូវភាពលំបាកវេទនាបែបនេះ លោក អាត សារ៉ី អនុប្រធានការិយាល័យផែនការ គាំទ្រ សង្កាត់ នៃក្រុងព្រៃវែង ក៏បានផ្ដួចផ្ដើមគំនិតឡើងតាមរយៈការផ្សព្វផ្សាយតាមវិទ្យុ និងហ្វេសប៊ុក ក្នុងការប្រមូលថវិកាពីសប្បុរសជនជិតឆ្ងាយ ដើម្បីកសាងផ្ទះជាទីជម្រកដ៏សមរម្យមួយជូនលោកតា ។
ជាលទ្ធផលផ្ទះនេះធ្វើឡើងអំពីឈើ មានទទឹង៦ម៉ែត និង
បណ្តោយ៦,២ម៉ែត ប្រក់ស័ង្គសី និងជណ្តើរថ្ម ដែលចំណាយថវិកាសរុប ៩,៣០០,០០០រៀល ក្នុងនោះឯកឧត្តម ស្បោង សារ៉ាត ចូលរួមថវិកា ២.៤០០.០០០រៀល និងមួយចំនួនទៀតបានមកពីសប្បុរសជន ។
ក្នុងឱកាសពិធីប្រគល់ផ្ទះនេះផងដែរ ឯកឧត្តម ស្បោង សារ៉ាត បានមានមតិសំណេះសំណាល និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា និងសូមថ្លែងអំណរគុណចំពោះលោក អាត សារ៉ី ដែលបានខិតខំប្រឹងប្រែងគៀងគរប្រមូលថវិកាពីសប្បុរសជនជាតិឆ្ងាយ ក្នុងការសាងសង់ផ្ទះជូនលោកតានៅពេលនេះ ក្នុងន័យចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន ។
ជាចុងបញ្ចប់ឯកឧត្តម បានឧបត្ថម្ភដល់លោកតា អ៊ុច ហ៊េល នូវកន្ទេល២ ខ្នើយ ២ ភួយ២ និងថវិកា៤០០.០០០រៀល ឧបត្ថម្ភដល់ជាងស្ម័គ្រចិត្តចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១៥០.០០០ រៀល ចូលរួមកសាងខ្លោងទ្វារសាលាបឋមសិក្សាព្រៃមូលចំនួន៤.០០០.០០០រៀល ឧបត្ថម្ភដល់អ្នកចូលរួម១៦៨នាក់ ក្នុងម្នាក់ៗសារ៉ុងចំនួន១ ។