អគ្គនាយកដ្ឋានពន្ធនាគារ

រថយន្តម៉ាក Ford Ranger ចំនួន ២គ្រឿងដែលជាអំណោយរបស់អង្គការស៊ីប៉ា ជូនដល់អគ្គនាយកដ្ឋានពន្ធនាគារ

រាជធានីភ្នំពេញ ៖ រថយន្តម៉ាក Ford Ranger ចំនួន ២គ្រឿងដែលជាអំណោយរបស់អង្គការស៊ីប៉ា នៅកម្ពុជាជូនដល់អគ្គនាយកដ្ឋានពន្ធនាគារ_ក្រសួងមហាផ្ទៃ ត្រូវបានធ្វើពិធីប្រគល់-ទទួលនៅព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះនាសាលប្រជុំអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមអធិបតី ឯកឧត្ដម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។

  ពិធីនេះក៏មានការចូលរួមពីមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារនិង បុគ្គលិកអង្គការស៊ីប៉ានៅកម្ពុជាផងដែរ។ សូមជម្រាបថាអង្គការស៊ីប៉ា តែងតែសហការជាមួយអគ្គនាយកដ្ឋានក៍ដូចជាដៃគូក្នុងការអភិវ្ឍន៍បណ្ណាល័យ សេវាអប់រំក្នុងពន្ធនាគារកន្លងមក។ ដោយឡែកក្នុងឱកាសនេះ អង្គការស៊ីប៉ា ក៍បានឧបត្ថម្ភនូវមធ្យោបាយធ្វើដំណើរ ដល់អគ្គនាយកដ្ឋានពន្ធនាគារ ដោយលឺថាខ្វះខាតនូវមធ្យោបាយក្នុងការបំពេញភារកិច្ច។

ក្នុងនោះផងដែរ ឯកឧត្តម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានប្រគល់រថយន្តទាំង ២គ្រឿងនេះដល់ពន្ធនាគារខេត្តបាត់ដំបង និងពន្ធនាគារខេត្តប៉ៃលិន យកទៅប្រើប្រាស់បន្តក្នុងពន្ធនាគារ ដើម្បីជាភាពងាយស្រួលមួយចំនែកទៀតក្នុងការបំពេញការងារជាប្រយោជន៍ដល់អង្គភាព។

ចុងក្រោយ ឯកឧត្ដម អគ្គនាយករង ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការស៊ីប៉ា និងសហការី ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក៍ដូចជាឧបត្ថម្ភជាមធ្យោបាយធ្វើដំណើរ និងកិច្ចការរួមចំណែកជាច្រើនក្នុងការងារអប់រំកែប្រែ បណ្ណាល័យក្នុងពន្ធនាគារ ដែលជាឃ្លាំងចំនេះដឹងមួយក្នុងការអប់រំដល់ជនជាប់ឃុំទូទាំងប្រទេសកម្ពុជា៕