អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ជនជាតិចិនចំនួន ១៦នាក់ ត្រូវបណ្តេញចេញពីកម្ពុជា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃច័ន្ទ ០៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី (ស្តីទី) សហការជាមួយ ប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញនូវជនជាតិចិនចំនួន ១៦នាក់។

លោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស្តីទី បានឲ្យដឹងថាជនសង្ស័យចំនួន ១៥នាក់ ទទួលមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងជនសង្ស័យចំនួនម្នាក់ទៀត ទទួលមកពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌ ប្រព្រឹត្តនៅប្រទេសចិន ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ ចំនួន ១៥នាក់ និងជាស្ថាពរ ចំនួនម្នាក់តាមជើងយន្តហោះ KR929 ព្រមទាំងមានការចូលរួមសហការពីសំណាក់តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមត្ថកិច្ចនគរបាល ពីប្រទេសចិន មកទទួល និងអមដំណើរទៅប្រទេសចិនវិញ៕