ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិកីឡាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សេចក្ដីណែនាំ៦ចំណុចរបស់អគ្គស្នងការនគរបាលជាតិ ស្ដីពីកិច្ចការពារសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម និងកូរ៉េ

រាជធានីភ្នំពេញ ៖ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន វៀតណាម និងកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ទី២៤-២៧ ខែមករា ឆ្នាំ២០២០ខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការណែនាំដល់ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់ពង្រឹងនូវវិធានការធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយផ្តោតលើការងារមួយចំនួនដូចខាងក្រោម ៖

១-យកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកលសកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល។

២-ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។

៣-យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរិតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកំសាន្តតាមតំបន់រមណីយដ្ឋាននានាប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។

៤-ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀន ធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះផ្សេងៗ។ ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ។

៥-ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ដែលកើតមានឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៦-ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផលនៃការអនុវត្តន៍វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជន ចិន វៀតណាម និងកូរ៉េផ្ញើមកសេនាធិការដ្ឋាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ជាកំណត់។

ទទួលបានសេចក្តីណែនាំនេះស្នើឯកឧត្តមប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចាត់តាំងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់៕