ព័ត៌មានក្នុងប្រទេស

អាជ្ញាធរខេត្តចាត់វិធានការចំពោះ អ្នកផ្តល់ឱសថក្លែងក្លាយ ក្នុងវិស័យសុខាភិបាល

 

ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មាការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាខុសច្បាប់ក្នុងវិស័យសុខាភិបាល ខេត្តក្រចេះ ដែលដឹកនាំដោយលោក ប៉ែន លីណាត អភិបាលរងខេត្តនិងជាប្រធានគណៈកម្មាការខេត្ត បានជម្រុញដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងផ្សព្វផ្សាយ និងអប់រំ ទៅដល់អ្នកផ្តល់សេវា ក្នុងវិស័យសុខាភិបាល ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់សុខភាព ពីការទទួលការផ្តល់សេវាខុសច្បាប់ និងឱសថក្លែងក្លាយ ហើយជាពិសេសត្រូវពង្រឹងការតាមដានត្រួតពិនិត្យចំពោះអ្នកផ្តល់សេវាដែលខុសច្បាប់ និងកសាងសំណុំរឿង ប្តឹងទៅតុលាការ ។

តាមការបញ្ជាក់ពីមន្រ្តីនៃមន្ទីរសុខាភិបាល អ្នកផ្តល់ឱសថក្លែងក្លាយភាគច្រើន គឺមាននៅតាមលក់ឥវ៉ាន់តូចៗ និងពេទ្យធ្មេញ ក្នុងនោះដែរមន្ទីរសុខាភិបាល បានចុះធ្វើការត្រួតពិនិត្យដល់ទីតាំងផ្ទាល់ និងបានធ្វើកិច្ចសន្យាជាមួយអ្នកបើកទីតាំងផ្តល់សេវាខុសច្បាប់ទាំងនោះ ឲ្យបញ្ឍប់ការផ្តល់សេវាខុសច្បាប់ និងឱសថក្លែងក្លាយតទៅទៀត ។

លោក ប៉ែន លីណាត អភិបាលរងខេត្តនិងជាប្រធានគណៈកម្មាការខេត្ត មានប្រសាសន៍ថា ៖ មន្រ្តីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្ត ពង្រឹងវិស័យសុខាភិបាលកាន់តែរឹងមាំថែមទៀត ជាពិសេសពង្រឹងគុណភាពថែទាំសុខភាព សមត្ថភាពធ្វើរោគវិនិច្ឆ័យព្យាបាល និងថែទាំជម្ងឺណាដែរនៅមិនទាន់ឆ្លើយតបទៅនឹងសេចក្ដីរំពឹងទុករបស់អ្នកជម្ងឺ និងអតិថិជននៅឡើយ ទាំងសេវាសាធារណៈ និងឯកជន បន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល បង្កើនសមត្ថភាពគ្លីនិក ពង្រឹងយន្តការនីតិកម្ម ត្រួតពិនិត្យតាមដានគុណភាពជាប្រចាំ និងពង្រាយបុគ្គលិកជំនាញស្របតាមនិយាមបច្ចេកទេសទាំងអស់នេះជាសក្ដានុពល ដល់ការលើកកម្ពស់ គុណភាពនៃការផ្ដល់សេវាសុខភាព ត្រូវឈរលើបទពិសោធន៍នៃចំណុចខ្លាំង និងចំណុចខ្សោយ ដែលយើងទទួលបានក្នុងការអនុវត្តកន្លងមក ខ្ញុំមានទំនុកចិត្តថា វិស័យសុខាភិបាលក្នុងខេត្តរបស់យើងនឹងសម្រេចបាននូវសមិទ្ធិផល និងវឌ្ឍនភាពថ្មីៗច្រើនថែមទៀត និងជាពិសេសការងារលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឲ្យសម្រេចបានជោគជ័យ១០០% ម្យ៉ាវិញបន្តសហការក្ដាប់នូវមុខសញ្ញា និងខិតខំស្វែងរកប្រភពនៃឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដែលទើបនឹងមានថ្មីៗ ដើម្បីចាត់ការផ្លូវច្បាប់ រួមទាំងបន្តណែនាំជំរុញអ្នកប្រកបដែលវិជ្ជាជីវៈសុខាភិបាលថ្មី សូមទៅចុះបញ្ជីវិជ្ជាជីវៈគណៈជំនាញឲ្យបានគ្រប់គ្នាៗ និងការទទួលខុសត្រូវតាមតួនាទី ភារកិច្ច របស់ខ្លួន អោយបានគ្រប់ជ្រុងជ្រោយ