ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត

ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែកុម្ភ: ឆ្នាំ២០២០ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្តសម្រាប់ ខែកុម្ភ: ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរក៏បានអបអរសាទរនូវទិន្នន័យ ក្រុមចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង ០៤ក្រុម ដែលសម្រេចបាននូវលទ្ធផលល្អ ក្នុងខែកន្លងមក ។

ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ បានណែនាំ និងជំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ដែលត្រូវប្រថាប់ត្រាសូន្យ (០) ចំនួនជាង ២ ម៉ឺន ប័ណ្ណ អោយស្របតាមផែនការ ដែលបានប្រជុំជាអន្តរក្រសួង នៅអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ។

នៅក្នុង​កិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរទទួលបន្ទុកសុរិយោដី លោកប្រធានការិយាល័យរដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម មន្ត្រីផ្នែក GIS មន្ត្រីកំណត់ព្រំ មន្ត្រីវាស់វែង មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យ​រដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ៤២ រូប (ស្រី ១០រូប) ៕