សិល្បៈ

ពិតជាគួរអោយភ្ញាក់ផ្ញើល ដែលនារីខ្មែរស្រស់ស្អាតបានព្យាយាមថែរក្សាវប្បធម៌ខ្មែរ និងបង្ហាញពីអត្តចរិកនារីខ្មែរពិតប្រាកដ

ហ្វេសប៊ុក ៖ ប្លែកភ្នែកសារជាថ្មីម្តងទៀតហើយ បន្ទាប់ពីមហាជនបានឃើញ និងគយគន់នូវសម្រស់របស់ក្មេងស្រីម្នាក់បង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក នូវរូបភាពជាច្រើនសន្លឹកក្នុងឈុតបុរាណប្រពៃណីខ្មែរដែលស្តែងនូវ​ភាព​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​របាំនៅកាលពីសម័យអង្គរនោះគឺ ក្នុងឈុតអប្សរា ។

អប្សរា…. ​ ពាក្យ​នេះ​ធ្វើ​ឲ្យ​យើង​នឹក​ទៅ​ដល់​រូប​ទេព​អប្សរ​ទាំង​ឡាយ​ដែល​បុព្វ​បុរស​ ខ្មែ​រ​បាន​ឆ្លាក់​នៅ​​តាម​ប្រាង្គ​ប្រាសាទនានា។ រូប​អប្សរា​ តែង​មាន​ទឹកមុខ​ញញឹមស្ងប់​ឥត​ទុក្ខ​កង្វល់​ និង​មាន​កាយវិការ​ទន់​ភ្លន់​ល្វត​ល្វន់​រេរាំ​ហាក់​ដូច​ជា​របាំ​សួគ៌។

បើយើងក្រឡេកមើលទៅដល់ប្រវត្តិនៃដើមកំណើតអប្សរាមាន​ដំណាល​មក​ពី​រឿង​កូរ​សមុទ្រ​ទឹក​ដោះនៅរឿងព្រេងរបស់ខ្មែរ។ អប្សរាគឺជារូបទេពអប្សរ ហើយជាតំណាងអោយនារីខ្មែរគ្រប់រូប ដែលសង្គមបានលើកតម្កើងព្រមទាំងអោយតម្លៃខ្ពស់ឥតគណនា ចំពោះគុណសម្បត្តិនារីខ្មែរ ដែលមានរូបស្រស់ស្អាត ស្មោះត្រង់ ទន់ភ្លន់ និងម៉ឺងម៉ាត់។ ម៉្យាងវិញទៀតព្រោះតែការអោយតម្លៃទៅលើស្ត្រីជាធំ ទើបយើងឃើញថានៅតាមបណ្តាស្ថាប័នឬ​នៅក្នុងរចនាសម្ព័ន្ធការងារ តែងប្រើប្រាស់ពាក្យ “មេ” តំណាងជាប្រធានឬជាអ្នកគ្រប់គ្រង។ ដោយសារតែនៅក្នុងសង្គមខ្មែរអោយតម្លៃខ្ពស់ទៅលើស្ត្រីទើបរហូតដល់មានពាក្យស្លោកខ្មែរមួយចំនួនបានចងក្រងមកដូចជា៖ “ស៊ូរស្លាប់បារ កុំអោយស្លាប់មេ ស៊ូរលិចទូកកណ្តាលទន្លេរ កុំអោយភ្លើងឆេះផ្ទះ”។

ហេតុនេះហើយក្នុងនាមជានារីខ្មែរ គួរខិតខំព្យាយាមរក្សាតម្លៃខ្លួនឯង និងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់។

ប្រភព៖ camnewsonline