ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្ដ

កណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ដ ក្រោយពីជនសង្ស័យរូបនេះ បានខ្ចីម៉ូតូគេ ថាជិះទៅទិញក្រដាស់ជូតមាត់មួយភ្លែត តែបែជាជិះយកទៅបញ្ចាំនៅផ្សាឃ្លាំងរំសេវរាជធានីភ្នំ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទី ត្រង់ចំណុចមុខសាលាបឋមព្រែកសំរោង ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាត មុន្នីកូនីន ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ដា ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ដោយឡែកសម្ភារះបាត់បង់មាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១FA ១០៧៩ ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន មកដល់មុខសាលារៀនបឋមព្រែកសំរោង ក៏បានជួបនឹងជនសង្ស័យ ហើយជនសង្ស័យបានសុំខ្ចីម៉ូតូពីជនរងគ្រោះ ដោយប្រាប់ថា ខ្ចីជិះទៅទិញក្រដាស់ជូតមាត់មួយភ្លែត រួចជិះទៅបាត់រហូត។ លុះ៣ថ្ងៃក្រោយមក មកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក៏ត្រូវជនរងគ្រោះឃើញជនសង្ស័យ ក៏បានឃាត់ខ្លួន រួចយកមកប្រគល់អោយសមត្ថកិច្ចដើម្បីចាត់ការតាមនិតិវិធីតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូពីជនរងគ្រោះប្រាកដមែន ហើយម៉ូតូនោះ ខ្លួនបានយកទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវរាជធានីភ្នំពេញ មិនចាំស្លាកយីហោហាង ដោយបានប្រាក់ចំនួន២០០ដុល្លារ ពេលបានលុយហើយ ខ្លួនក៏យកលុយនោះទៅស៊ីចាយអស់ទៅ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕