ព័ត៌មានក្នុងប្រទេស

ពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍនិងជនបទខេត្ត

 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឈឹម សៅគី រដ្ឋលេធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រធានមន្ទីរ អង្គភាព ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរដែនដីស្រុក ក្រុង ឃុំ សង្កាត់ ស្មៀនឃុំ ផងដែរ។

ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងបានរាយការពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ព្រមទាំងមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលកំពុងប្រព្រឹត្តទៅនាពេលនេះ ពិតជាឱកាសដ៏មានសារៈសំខាន់សម្រាប់ លោក លោកស្រី បានទទួលជ្រាបនូវពត៌មានអភិវឌ្ឍ និងស្ថានភាពទូទៅក្នុងខេត្ត ក៏ដូចជាស្ថានភាពទូទៅរបស់ប្រទេសយើងទាំងមូល សមិទ្ធិផលជាច្រើន ដែលបានមកនេះ សុទ្ធសឹងតែជាកម្លាំងញើសឈាម និងការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងដៃគូអភិវឌ្ឍនានារបស់យើងរួមគ្នាគាំទ្រ រួមគ្នាកសាងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារប្រទេសមួយនេះចេញពីភាពក្រីក្រ ហើយត្រូវបានមជ្ឈិដ្ឋានជុំវិញ គេជឿជាក់ថា កម្ពុជានៅឆ្នាំ២០៣០នឹងក្លាយជាប្រទេសដែលមានចំណូលGDPកម្រិតមធ្យម ហើយឆ្នាំ២០៣៥ មានចំណូលGDPមធ្យមកម្រិតខ្ពស់និងឆ្នាំ២០៥០ នឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដូចបណ្តារប្រទេសនានាលើសកលលោក។ 

 ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា ៖ ការខិតខំប្រឹងប្រែងទាំងនេះបានមកក៏ដោយសារ កក្តាសន្តិភាព ជាតម្លៃមួយដែលមិនអាចឲ្យជនណាមួយកាត់ថ្លៃបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ ដែលមានទិសដៅចម្បងគឺជំរុញឲ្យមានការផ្លាស់ប្តូរគុណភាពនៃការរស់នៅរបស់ប្រជាជនជនបទទាំងខាងសម្ភារនិងស្មារតី។ លើមូលដ្ឋាននេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់យកផែនការយុទ្ធសាស្រ្តចំនួន៤ ដែលប្រែក្លាយទៅជាកម្មវិធីនៃការងាររបស់ក្រសួងសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ក្រសួងបានកំណត់កម្មវិធីអាទិភាពចំនួន៤ រួមមានកម្មវិធីទី១.ការអភិវឌ្ឍសមត្ថភាពនិងធនធានមនុស្ស, កម្មវិធីទី២. ការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍, ទី៣.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ និងទី៤.ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។ឯកឧត្តម ក៏បានបញ្ជាក់អំពី ភាពរីចម្រើននៃវិស័យអភិវឌ្ឍជនបទ ដោយបានលើកបង្ហាញពី សមិទ្ធផលចម្បងៗដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០១៩ ដោយផ្អែកតាមយុទ្ធសាស្ត្រ ដែលមានកក្តារួមផ្សំជាច្រើន សហការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា 

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំឲ្យមានការចូលរួមគាំទ្រ និងអនុវត្តឲ្យបានសកម្មបន្តទៀតនូវគោលនយោបាយសំខាន់ៗលើវិស័យអភិវឌ្ឍន៍ជនបទ និងទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្តនៅឆ្នាំ២០២០ ឲ្យទៅជាចលនារួមដ៏ខ្លាំងក្លា សំដៅសម្រេចឲ្យបានជាផ្លែផ្កាបន្តទៀតសម្រាប់ឧត្តមប្រយោជន៍របស់ជាតិ