ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្តហ្វរិនន័រ បុកគោយន្តកន្ត្រៃដឹកថ្ម របួសធ្ងន់ម្នាក់ អ្នកបើករថយន្តរត់គេចខ្លួន

បន្ទាយមានជ័យ ៖ អ្នកបើកគោយន្តកន្ត្រៃរងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវកែងខាងជើងស្រុកថ្មពួក ប្រហែល៨០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ ជនរងគ្រោះអ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ ណើង លីប៉ាវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ចំណែកអ្នកបើករថយន្តម៉ាកហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F 5212 អ្នកបើកបររថយន្តគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

លោកអធិការបានបញ្ជាក់ថា ៖ មុនពេលកើតហេតុគោយន្តកន្ត្រៃបើកពីជើងទៅត្បូង ពេលដល់ចំណុចកើតហេតុរថយន្តហ្វតបើកបរពីត្បូងមកជើង បានបុកចំពីមុខបណ្តាលឲ្យអ្នកបើកគោយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ គោយន្តខូចខាតទាំងស្រុង និងរថយន្តខូចខាតធ្ងន់ផ្នែកខាងមុខ បច្ចុប្បន្នយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួករងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំពោះមូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងពីអ្នករថយន្តមិនប្រកាន់ស្តាំ ៕