ព័ត៌មានក្នុងប្រទេសសុខភាព និងសម្រស់

វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ថាទទួលទានប៊ីចេង មិនប៉ះពាល់សុខភាពដូចអំបិល និងស្ករទេ

រាជធានីភ្នំពេញ៖ កន្លងមកតែងតែមានពាក្យចរចាម អារាម លើកឡើងថា ការទទួលទានប៊ីចេង នាំឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ការទទួលទានប៊ីចេង ធ្វើឱ្យឈឺក្បាល បែកញើសស្អិត ញ័រដើមទ្រូង ឈឺទ្រូង ពុកឆ្អឹង និងផ្លាស់ប្តូរ អារម្មណ៍ជាដើម។ ពាក្យចរចាមអារាមនេះ ហាក់កំពុងកម្លាចប្រជាជនមួយចំនួនរហូតដល់អ្នកខ្លះខ្លាចរអាសូម្បីតែភ្លក់ក៏មិនហ៊ានភ្លក់ផង។ អ្នកខ្លះទៀតបានចាត់ទុកប៊ីចេង ជាឃាតករលាក់មុខទៀតផង ព្រោះគេសម្អាងថាការបរិភោគសារធាតុនេះ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងសម្បើម។

ទាក់ទងនឹងបញ្ហានេះ លោកឧកញ៉ា វេជ្ជ បណ្ឌិត គួច ម៉េងលី បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានយើងថា ការទទួលទានប៊ីចេង មិននាំឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចការទទួលទានអំបិល និងស្ករនោះទេ។ លោកវេជ្ជបណ្ឌិតថា ប្រជាជនតាមបណ្ដាប្រទេសជាច្រើននៅតំបន់អាស៊ី សុទ្ធតែចូលចិត្តទទួលទានប្រៃ ហើយផ្អែម ដោយមិនដឹងថាការទទួលទានប្រៃ និងផ្អែមបណ្ដាលឱ្យមានបញ្ហាគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ជាងការទទួលប៊ីចេងទៅទៀតនោះទេ។ ការទទួលទានប្រៃ ហើយផ្អែមពេក អាចផ្ដល់ផលអវិជ្ជមានច្រើន ជាពិសេសគេព្រួយបារម្ភចំពោះការបង្កគ្រោះជាជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ លើសឈាម គាំងបេះដូង និងជំងឺស្លាប់មួយចំហៀងខ្លួនជាដើម។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានពន្យល់ថា ការដែលប្រជាជនខ្មែរជាទូទៅយល់ច្រឡំ មិនទទួលទានប៊ីចេង គឺបន្ទាប់ពីជនជាតិចិនមួយចំនួនទៅនៅសហរដ្ឋអាមេរិក អំឡុងពេលដែលគេកំពុងតែប្រកាន់ពូជសាសន៍និងក្រោយមកមានអ្នកស្រាវជ្រាវម្នាក់ បានស្រាវជ្រាវនៅក្នុងឆ្នាំ១៩៦០ ហើយបញ្ជាក់ថាការទទួលទានអាហារដែលមានសារជាតិប៊ីចេង ធ្វើឱ្យប៉ះទង្គិចធ្ងន់ធ្ងរដល់សុខភាពខួរក្បាល។ ការស្រាវជ្រាវនេះ គឺគេចាក់ប៊ីចេងចូលទៅក្នុងខ្លួនកូនកណ្ដុរ ក្នុងបរិមាណច្រើន។ បន្ទាប់មកគេឃើញកូនកណ្ដុរនោះមានភាពមិនប្រក្រតី ហើយគេក៏សន្និដ្ឋានថាសារជាតិប៊ីចេងធ្វើឱ្យប្រតិកម្មដល់ខួរក្បាល ទាំងមិនបានពិសោធចំពោះមនុស្សទាល់តែសោះ។ ដូច្នេះអ្នកដែលខ្លាចរអាប៊ីចេងខ្លាំងជាងគេគឺបណ្តាជនជាតិអឺរ៉ុបរហូតមកដល់សព្វថ្ងៃនេះក៏នៅមានដែរ។

លោកបន្តថា នៅក្នុងក្រសែភ្នែកបណ្តាជនជាតិអឺរ៉ុប ប៊ីចេងដែលមានប្រើប្រាស់តែក្នុងចំណីអាហារនៅអាស៊ីដោយបណ្តាជនជាតិអាស៊ី រហូតដល់ពួកគេមិនហ៊ានចូលភោជនីយដ្ឋានចិន (អាស៊ី) ក៏ព្រោះតែខ្លាច និងចង់គេចពីប៊ីចេងនេះឯង។ តាមពិតប៊ីចេង មិនកាចសាហាវដល់ម្ល៉ឹងនោះទេ ការទទួលទានប៊ីចេង អាចប្រតិកម្មចំពោះសុខភាពត្រឹមតែ១ ទៅ២% ប៉ុណ្ណោះ។ រីឯស្ករ និងអំបិលវិញមានប្រតិកម្មចំពោះសុខភាពសឹងតែ ១០០% ឯណោះ នេះបើតាមការស្រាវជ្រាវរកឃើញក្រោយៗមកទៀត។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតណែនាំឱ្យប្ដូរ ដោយការកាត់បន្ថយទទួលទានអំបិល និងស្ករ មកទទួលទានប៊ីចេងជំនួសវិញ ព្រោះប៊ីចេងមិនត្រឹមតែប្រើសម្រាប់ដាក់ក្នុងចំណីអាហារដើម្បីឱ្យឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងមានផលប៉ះពាល់ដល់សុខភាពតិចជាងអំបិល និង ស្ករទៅទៀត។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំនិង រំលឹកដល់សាធារណជនទៀត ថាចំពោះអ្នកមានជំងឺលើសឈាម ជាប់ប្រចាំកាយឱ្យគិតនឹកដល់កម្រិតបរិមាណនៃការប្រើប្រាស់ប៊ីចេងក្នុងម្ហូបអាហារ ដើម្បីជៀសវាងការបរិភោគផ្អែម ហើយប្រៃពេក ប៉ុន្តែគួរគប្បីទទួលទានប៊ីចេងណាដែលសុទ្ធល្អប្រសើរជាង។

សូមជម្រាបជូនថា ប៊ីចេងគឺជាអំបិលរបស់ទឹកអាស៊ីត ល្គូតាមិក (Glutamic Acid) បូកផ្សំជាមួយនឹងម៉ូណូសូដ្យូម អេល-ល្គូតាមេត (Monosodium L-Glutamate) ចម្រាញ់ចេញពីធម្មជាតិសុទ្ធសាធ ដូចជាសារាយសមុទ្រ ផ្សិត សណ្ដែកសៀង ទឹកដោះគោ ទឹកអំពៅ និងបន្លែផ្សេងៗ មួយចំនួនទៀតក៏អាចចម្រាញ់ធ្វើប៊ីចេងបានដែរ។ អ្នកដែលរកឃើញ និងផលិតប៊ីចេងដំបូងនៅក្នុងឆ្នាំ១៩០៨ ដោយជនជាតិជប៉ុនម្នាក់ ឈ្មោះ Kikuae Ikeda ដោយគាត់ស្រាវជ្រាវ និងចម្រាញ់ចេញពីសារាយសមុទ្រ៕