ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី២

ខេត្តព្រៃវែង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ធីវ សាវុធ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃច័ន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅគេហដ្ឋាននៃសព ដែលស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ក្នុងនាម ឯកឧត្តមផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមចូលរួមរំលែកទុកដ៏ក្រៀមក្រំនេះ ចំពោះគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ធីវ សាវុធ ក្នុងនោះដែរមិនត្រឹមតែគ្រួសារសពទេដែលបានបាត់ ស្វាមី ឪពុក ជីតា នេះក៏ជាការបាត់មន្ត្រីដ៏សកម្មម្នាក់ចំពោះអង្គភាព ក៏ដូចជាអគ្គនាយកដ្ឋានផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបំពាក់ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដល់សពលោកឧត្តមសេនីយ៍ត្រី ធីវ សាវុធ ជាកិច្ចបច្ចាមរណៈ ។ គួរបញ្ចាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ធីវ សាវុធ បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ ។