ព័ត៌មានក្នុងប្រទេស

ក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ជម្រុញអោយអាជ្ញាធរមូលដ្ឋានភូមិឃុំបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

 

ព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នៅក្នុងភូមិដារ ឃុំដារ ស្រុកចិត្របុរី បើកវេទិការសាធារណៈជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្ដម គង់ ចាន់ អនុរដ្ឋលេខាធិការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ស្រេង សុភាព អភិបាលរងខេត្ត លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត ព្រមទាំងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងប្រជាពលរដ្ឋប្រមាណជាង២០០នាក់។ 

ឯឧត្ដម គង់ ចាន់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចិត្របុរី ខេត្តក្រចេះ បានជម្រុញអោយសមាជិក្រុមការងារ មេឃុំ មេភូមិ គ្រប់ភូមិត្រូវបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋអោយបានទាន់ ពេលវេលា ជាពិសេសត្រូវផ្តល់សេវាសាធារណៈអោយបានឆាប់រហ័ស តម្លាភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ជាពិសេសបណ្ដាមន្ទីរ អង្គភាពដែលពាក់ព័ន្ធទៅនិងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋលើកឡើង ត្រូវចុះទៅពិនិត្យតាមដាន សិក្សាដល់ទីតាំងភ្លាមៗក្រោយពេលដែលអង្គវេទិការបញ្ចាប់ និងដោះស្រាយជូនគាត់ ។ 

ឯកឧត្តមប្រធានអង្គវេទិការមានប្រសាសន៏បន្តថា ៖សមិទ្ធិផលដែលរាជរដ្ឋាភិបាលនិងប្រជាជនយើងសម្រេចបាន   គឺជាសមិទ្ធិផលដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងមូល ហើយក្នុងនាមជាប្រជាពលរដ្ឋដែលបានទទួលនូវសមិទ្ធផលទាំងអស់នេះត្រូវចូលរួមគ្នា ថែរក្សាការពារ នូវរាល់សមិទ្ធិផលទាំងអស់នេះអោយបានគង់វង្សសម្រាប់កូនចៅយើងគ្រប់ជំនាន់។

ក្នុងនោះឯកឧត្តមក៏បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវធ្វើអនាម័យភូមិឋានអោយបានស្អាតល្អ និងត្រូវប្រកាន់នូវគោលការណ៍ ៣ យ៉ាងគឺ ហូបស្អាត ផឹកស្អាត  និងរស់នៅស្អាត ទើបយើងអាចជៀសពីជម្ងឺដង្កាត់ផ្សេងៗបាន។  ជាពិសេសសូមមានការប្រយត្ន័ចំពោះភ្លើងព្រៃភ្លើងចង្រ្កានពីព្រោះរដូវនេះជារដូវក្តៅហើយមានខ្យល់បក់ជាប្រចាំជាហេតុងាយអោយអគ្គីភ័យឆាបឆេះខ្លាំងណាស់ដូច្នេះមានតែស្មារតីម្ចាស់ការប្រុងប្រយ័ត្នទេទើបយើងអាចបង្ការគ្រោះអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុណាមួយបាន។