ព័ត៌មានអន្តរជាតិ

ថៃប្រកាសលុបចោលការផ្តល់ទិដ្ឋាការនៅពេលមកដល់និងការលើកលែងទិដ្ឋាការសម្រាប់ប្រទេសមួយចំនួនដើម្បីគ្រប់គ្រងការរីករាលដាលនៃករណីឆ្លងវីរុស Covid-19

Reuters: យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃដែលបានធ្វើឡើងនៅថ្ងៃពុធ (ទី១១ មីនា) នេះបានឲ្យដឹងថា រដ្ឋាភិបាលថៃបានសម្រេចលុបចោលការផ្តល់ទិដ្ឋាការនៅពេលមកដល់សម្រាប់ប្រទេសចំនួន ១៨ ព្រមទាំងលុបចោលការលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន ០៣ ផ្សេងទៀតផងដែរដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើម Covid-19។

សូមជម្រាបថា មុនពេលនៃការប្រកាសខាងលើនេះ ពលរដ្ឋដែលមកពីប្រទេសឬដែនដីទាំង១៨ដែលបានលើកឡើងខាងលើអាចប្រើលិខិតឆ្លងដែនឬឯកសារធ្វើដំណើររបស់ពួកគេដើម្បីដាក់ពាក្យស្នើសុំទិដ្ឋការចូលប្រទេសថៃ (Visa on Arrival) នៅពេលដែលខ្លួនទៅដល់ច្រកព្រំដែនអន្តោប្រវេសន៍ថៃក៏បានដែរ។

គួរឲ្យដឹងថា ប្រទេសនិងដែនដីទាំង ១៨ ខាងលើរួមមានដូចជាប្រទេសប៊ុលហ្គារី ប៊ូតាន ចិន (បូករួមទាំងកោះតៃវ៉ាន់) សាយព្រូស អេត្យូពី ហ្វីជី ហ្សកហ្ស៊ី ឥណ្ឌា កាហ្សាក់ស្ថាន ម៉ាល់តា ម៉ិកស៊ិក ណារូរូ ប៉ាពួញូហ្គីណេ រូម៉ានី រុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត អ៊ូសបេគីស្ថាន និងប្រទេសវ៉ានូអាទូ។

ព្រមជាមួយគ្នានេះ ថ្លែងក្នុងសេចក្តីប្រកាសខាងលើ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃក៏បានគូសបញ្ជាក់ផងដែរថា ក្រៅពីការលុបចោលការផ្តល់ទិដ្ឋការក្នុងពេលមកដល់សម្រាប់ប្រទេសទាំង១៨ខាងលើ ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋដែលមកពីប្រទេសកូរ៉េខាងត្បូង អ៊ីតាលី និងហុងកុងក៏នឹងត្រូវបានលុបចោលផងដែរ។