ព័ត៌មានក្នុងប្រទេសព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​បណ្តាប្រទេស​ជា​សមាជិក​អាស៊ានផ្សេងទៀតមានការ​កើនឡើង ១៨,៦ភាគរយ​ក្នុង​ត្រីមាស​ទីមួយ

យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្មកម្ពុជាដែលចេញផ្សាយនៅ​ថ្ងៃ​ព្រហស្បតិ៍នេះបានឲ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកផ្សេងទៀតរបស់អាស៊ានក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះមានទំហំសរុប ៤,៣២ពាន់លានដុល្លារ កើនឡើង ១៨,៦ភាគរយពីទំហំ ៣,៦៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

របាយការណ៍នេះបានបញ្ជាក់ថា ការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកអាស៊ានសរុបមានទំហំ ១.៧៧ពាន់លានដុល្លារគិតចាប់ពីខែមករាដល់ខែមីនាឆ្នាំនេះ ដោយមានការកើនឡើង ៣៣ភាគរយពីទំហំ ១.៣៣ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ ការនាំចូលរបស់កម្ពុជាពីប្រទេសសមាជិកអាស៊ានមានទំហំសរុប ២.៥៥ពាន់លានដុល្លារ កើនឡើង ១០.៣ភាគរយពីទំហំ ២.៣១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

របាយការណ៍ដដែលនេះ​បាន​ឲ្យ​ដឹង​ថា ប្រទេសសមាជិកអាស៊ានដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ចំនួន ០៣​របស់​កម្ពុជារួមមាន​ ​វៀតណាម ថៃ និង​សិង្ហបុរី។

សូមរំលឹកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ានកាលពីដើមខែមេសានេះ សម្តេចមហាបវរធិបតី លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានមានប្រសាសន៍ថា កម្ពុជាឈរ​ក្នុង​នាម​ជា​ដៃគូ​ដ៏​រស់រវើក​ក្នុង​តំបន់​អាស៊ាន។ សមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗទាំងក្នុងតំបន់ និងក្នុងពិភពលោកដែលរួមមានដូចជាអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក (WTO)  ជាដើមនោះ បានកំណត់តួនាទីរបស់កម្ពុជាក្នុងនាមជាតួអង្គដ៏សំខាន់មួយនៅក្នុងទីផ្សារពិភពលោកដែលប្រកបដោយថាមពល។

ជាមួយគ្នានេះ សម្តេច​បាន​បន្ត​ថា ផលិតផលដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជាដូចជា ​សម្លៀក​បំពាក់ និង​កង់ជាដើម សុទ្ធតែត្រូវ​បាន​គេ​ទទួល​ស្គាល់ទាំង​ក្នុង​តំបន់​អាស៊ាន និង​ទូទាំង​ពិភពលោក​សម្រាប់​គុណភាព និង​តម្លៃ​ប្រកួតប្រជែង។

សូមបញ្ជាក់ថា បច្ចុប្បន្នបណ្តាប្រទេសជាសមាជិកផ្លូវការរបស់​អាស៊ានរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម ហើយក្នុងពេលអនាគតខាងមុខ ប្រទេសទីម័រខាងកើត ក៏នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់ប្លុកនេះផងដែរ៕