ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោកបញ្ជាក់ថាបុគ្គលិករបស់ខ្លួនបានឆ្លងវីរុស Covid-19

Reuters: យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន រ៉យទ័រ ដោយដកស្រង់សេចក្តីប្រកាសរបស់មន្ត្រីអង្គការសុខភាពពិភពលោកដែលជាស្ថាប័នមានតួនាទីដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងជាសកលដើម្បីទប់ទល់នឹងការរាតត្បាតនៃវីរុស Covid-19 នោះ បានលើកឡើងនៅថ្ងៃអង្គារ៍ (ទី១៧ មីនា) នេះថា អង្គការសុខភាពពិភពលោកបានរកឃើញថាបុគ្គលិកពីរនាក់របស់ខ្លួនត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសផ្លូវដង្ហើម Covid-19។

សូមជម្រាបថា ករណីខាងលើគឺជាករណីដំបូងហើយដែលបានកើតឡើងក្នុងលើបុគ្គលិកអង្គការដែលមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវខាងលើនេះ ខណៈក៏មានដែរការបញ្ជាក់ពីករណីឆ្លងមួយផ្សេងទៀតនៅឯការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវដូចគ្នា និងព្រមជាមួយការបញ្ជាក់មួយករណីផ្សេងទៀតនៅឯអង្គការពាណិជ្ជកម្មពិភពលោកកាលពីសប្តាហ៍មុនផងដែរ។

លោក គ្រីស្ទៀន ឡាញមេអឺ (Christian Lindmeier) អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា “បុគ្គលិករបស់យើងបានចាកចេញពីការិយាល័យហើយបន្ទាប់មក ពេលដែលពួកគាត់ទៅដល់ផ្ទះ រោគសញ្ញាក៏ចាប់ផ្តើមកើតឡើង ហើយក្រោយមកពួកគាត់ត្រូវបានគេធ្វើតេស្ត៍និងបញ្ជាក់ថាមានជាមួយផ្ទុកវីរុស Covid-19 នេះពិតមែន។ ដូច្នេះ ពេលនេះយើងមានពីរករណីដែលត្រូវបញ្ជាក់ជាផ្លូវការ។”

ទោះជាយ៉ាងណាក្តី គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើបុគ្គលិកពីរនាក់ដែលបានឆ្លងវីរុសនេះជាអ្នកធ្វើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុសនេះដែរឫយ៉ាងណានោះទេ។

លោក ឡាញមេអឺ (Lindmeier) បានមានប្រសាសន៍ថា “ទីស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោកគឺជាកន្លែងធ្វើការដែលមានបុគ្គលិកនិងអ្នកពិគ្រោះយោបល់ប្រហែលជា ២៤០០ នាក់ ហើយភាគច្រើននៃពួកគេបាននឹងកំពុងធ្វើការពីផ្ទះដើម្បីកាត់បន្ថយលទ្ធភាពនៃការរីករាលដាលនៃការវីរុសនេះ។”

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ ប្រទេសស្វីសបានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងវីរុស Covid-19 ជាច្រើនក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដោយក្នុងនោះមានចំនួនសរុបជាង ២.២០០ ករណី។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលស្វីសក៏បានអនុម័តវិធានការមួយចំនួនដែលរួមមានទាំងការចល័តកងទ័ពចំនួន ៨.០០០ នាក់កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការរីកសាយភាយបន្ថែមទៀតនៃវីរុសខាងលើនេះទៀតផង។