ព័ត៌មានក្នុងប្រទេស

ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កត្រួតពិនិត្យ​សុខភាពដែលខេត្តបានរៀបចំនៅសាលាបឋមសិក្សាក្រោលគោ

ខេត្តស្វាយរៀង​៖​ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយក​រដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កត្រួតពិនិត្យ​សុខភាព ដែលខេត្តបានរៀបចំនៅសាលាបឋមសិក្សាក្រោលគោ ​និងទីតាំងព្រំប្រទល់រវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ដែល​ត្រូវបិទចរាចរណ៍ចេញចូលឆ្លងកាត់ខេត្តជាបណ្តោះអាសន្ន យោងតាមបទបញ្ជាលេខ០២បប និងសេចក្ដីសម្រេច​លេខ៣៩ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ប្រចាំការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ។ ទន្ទឹមនេះ ឯកឧត្ដមក៏បានលើកទឹកចិត្តឲ្យបន្តពង្រឹងការអនុវត្តឲ្យបានកាន់តែម៉ឺងម៉ាត់ថែមទៀត ដែលការខិតខំ និងការលះបង់របស់កងកម្លាំង និងមន្ត្រីរបស់យើងនាពេលនេះ គឺជាប្ដូរមកវិញនូវសុវត្ថិភាពរបស់ជាតិ សុខភាព និងជីវិតរបស់ប្រជាជន ហើយការអនុវត្តនេះ សូមរក្សានូវឥរិយាបថសមរម្យ ប្រកបដោយភាពទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវ និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕