ព័ត៌មានអន្តរជាតិ

ឥណ្ឌានិងអូស្រ្តាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលដ្ឋានយោធានិងប្រព័ន្ធអ៊ីនធឺណេត

Reuters: យោងតាមការសេចក្តីរាយការណ៍របស់សារព័ត៌មាន រ៉យទ័រ ដែលត្រូវបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី០៤ មិថុនា) នេះបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍នេះ ប្រទេសឥណ្ឌានិងអូស្រ្តាលីបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាត្តិឲ្យភាគីទាំងសងខាងមានលទ្ធភាពអាចចូលទៅកាន់មូលដ្ឋានយោធារបស់គ្នាទៅវិញទៅមកដើម្បីជួយសម្រួលដល់ការងារផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនិងការធ្វើសមយុទ្ធការពាររួមគ្នា។

កិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ជាទូទៅថាជា “កិច្ចព្រមព្រៀងគាំទ្រភ័ស្តុភារកម្មទៅវិញទៅមក” ខាងលើនេះត្រូវបានសម្រេចឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធអ៊ីនធឺណេតរវាងនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) និងនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison)។

ថ្លែងក្នុងសុន្ទរកថាបើកពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានមានប្រសាសន៍ថា “យើងចែករំលែកតម្លៃនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សេរីភាព និងការគោរពស្ថាប័នអន្តរជាតិរួមគ្នា ហើយនៅពេលរឿងទាំងនេះបាននឹងកំពុងក្លាយជាបញ្ហាប្រឈម យើងក៏ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរផងដែរ”។

ក្នុងឱកាសជាមួយគ្នានោះ លោក ម៉ូរីសុន (Morrison) បានប្រាប់ទៅកាន់លោក ម៉ូឌី (Modi) ថា “វាដល់ពេលដែលទំនាក់ទំនងរវាងយើងទាំងពីរត្រូវរីកលូតលាស់និងឈានទៅរកភាពទូលំទូលាយជាងមុនហើយ”។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនឹងអនុញ្ញាតឱ្យនាវានិងយន្តហោះយោធារវាងភាគីទាំងពីរអាចចូលចតដើម្បីបំពេញប្រេងឥន្ធនៈនិងចូលដំណើរការកន្លែងថែទាំរបស់គ្នាវិញទៅមក ហើយជាមួយគ្នានេះ វាក៏ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលរៀបចំឡើងដោយក្រុមប្រទេសប្រជាធិបតេយ្យក្នុងតំបន់អាស៊ីដើម្បីទប់ទល់នឹងទម្ងន់នៃវិស័យយោធានិងសេដ្ឋកិច្ចរបស់ចិនដែលមេដឹកនាំរបបកុម្មុយនិស្តក្នុងតំបន់អាស៊ីដូចគ្នា។

គួររំលឹកថា គិតមកទល់ពេលនេះ កងទ័ពឥណ្ឌាបាននឹងកំពុងបន្តជាប់គាំងក្នុងការប្រឈមមុខជាមួយកងទ័ពចិនជុំវិញបញ្ហាព្រំដែនដែលមានជម្លោះនៅតំបន់ ហិម៉ាឡៃយ៉ា (Himalayas)។

បើទោះបីជាមិនទាន់មានការផ្ទុះអាវុធណាមួយបានកើតឡើងនៅឡើយយ៉ាងណាក្តី ការប្រឈមមុខដាក់គ្នារវាងចិននិងឥណ្ឌាបានធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាក៏បានកើតឡើងស្របពេលដែលរដ្ឋាភិបាលឥណ្ឌាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញឱនភាពពាណិជ្ជកម្មដ៏ធំរបស់ខ្លួនជាមួយប្រទេសចិនព្រមគ្នានិងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃការពង្រីកឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅអាស៊ីខាងត្បូងតាមរយៈគម្រោងខ្សែក្រវាត់និងផ្លូវ (Belt and Road) ដែលត្រូវបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping)។

ទន្ទឹមគ្នានេះ សម្រាប់ប្រទេសអូស្រ្តាលីវិញ បើទោះបីជាចិនជាអ្នកទិញទំនិញដ៏ធំបំផុតក្នុងការនាំចេញសរុបរបស់ខ្លួនយ៉ាងណាក្តី ​ការប៉ះទង្គិចផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏បានផ្ទុះឡើងជាច្រើនដងផងដែរកាលពីពេលថ្មីៗនេះ។ ជាងនេះទៅទៀត អូស្រ្តាលីក៏បានលើកឡើងពីការបិទបាំងរបស់ចិនដោយជម្រុញឱ្យមានការពិនិត្យឡើងវិញជាអន្តរជាតិទៅលើប្រភពដើមនិងឫសគល់នៃការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ដែលបានផ្ទុះឡើងដំបូងនៅទីក្រុង វូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំ២០១៩កន្លងទៅហើយដែលបាននឹងកំពុងបន្តអូសបន្លាយនិងផ្តាច់ជីវិតមនុស្សជាតិអស់រាប់សែននាក់ហើយគិតមកទល់ពេលនេះ។

សូមរំលឹកថា កាលពីខែមករាកន្លងទៅ នាយរដ្ឋមន្រ្តីអូស្រ្តាលីលោក ម៉ូរីសុន (Morrison) បានបង្ខំចិត្តលុបចោលដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសឥណ្ឌាដោយសារវិបត្តិភ្លើងឆេះព្រៃក្នុងប្រទេសនិងព្រមគ្នាជាមួយនឹងវិបត្តិនៃការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ១៩ ហើយក្រោយមក មេដឹកនាំទាំងពីរបានសម្រេចជ្រើសរើសប្រារព្ធកិច្ចប្រជុំកំពូលតាមប្រព័ន្ធអ៊ីនធឺណេតជំនួសវិញ។

គួរគូសបញ្ជាក់ផងដែរថា នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះ គេនៅមិនទាន់ទទួលបានព័ត៌មានច្បាស់ការណាមួយដែលបញ្ជាក់ថាតើអូស្រ្តាលីនឹងចូលរួមក្នុងសមយុទ្ធកងនាវាចរប្រចាំឆ្នាំដែលនឹងប្រារព្ធឡើងនៅចុងឆ្នាំនេះជាមួយឥណ្ឌានិងដែលមានការចូលរួមពីសហរដ្ឋអាមេរិកនិងជប៉ុននៅមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិកដែរឫយ៉ាងណានោះទេ។

ទាក់ទងនឹងសមយុទ្ធខាងលើនេះ ប្រទេសចិនក៏ធ្លាប់បានបញ្ចេញសម្លេងរបស់ខ្លួនផងដែរនៅពេលដែលប្រទេសអូស្ត្រាលីចូលរួមកាលពីឆ្នាំ ២០០៧៕