ព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានរដ្ឋបាល

ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការស៊ីវិល​ ក្នុងរចនាសម្ព័ន្ធនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៦រោច​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២០​ នៅសាលប្រជុំក្រសួងមហាផ្ទៃ​ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការស៊ីវិល​ ក្នុងរចនាសម្ព័ន្ធនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ប្រាក់​ សំអឿន​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានរដ្ឋបាល​ ក្រសួងមហាផ្ទៃ​ និងមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ ​លោកជំទាវ​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំ​អង្គភាព​ និងមន្ត្រី​ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល​ ក្រសួងមហាផ្ទៃ​សរុបប្រមាណ១៥០នាក់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រាក់ សំអឿន បានបញ្ជាក់ថា ៖ ការផ្ទេរភារកិច្ច និងការតែងតាំង មន្ដ្រីរាជការ គឺជាការចូលរួមចំណែក ក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ដោយផ្អែកទៅលើចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានការីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបន្ដថា មន្ដ្រីរាជការ ដែលទទួលភារកិច្ច និងតែងតាំង និងប្រគល់ភារកិច្ច នាថ្ងៃនេះ សុទ្ធតែជាមន្ដ្រីអនាគតបន្ដវេន ដែលមានសមត្ថភាព និងមានបទពិសោធន៍ឆន្ទៈខ្ពស់ ក្នុងការបំពេញការងារ សាកសមនឹងទទួលការលើកទឹកចិត្ត ឲ្យទទួលមុខតំណែងនាពេលនេះ ដើម្បីសម្រេចឲ្យបាននៅការអនុវត្តការងារ កំណែទម្រង់ស្ថាប័ន និងការពង្រឹង​សមត្ថភាពការងារ នៅតាមបណ្ដានាយកដ្ឋាន ស្ថិតក្នុងរចនាសម្ព័ន្ធ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

ជាងនេះទៅទៀត ឯកឧត្តម ប្រាក់ សំអឿន ក៏បានណែនាំទៅដល់មន្ដ្រីទើបតែងតាំងថ្មីថា ត្រូវបន្ដអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយសម្រេចឲ្យបាននៅសមិទ្ធផល​ជាច្រើន​ថែមទៀត ជូនអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន ជាពិសេស វិស័យកំណែទម្រង់អនុវត្តលទ្ធិប្រជាធិតេយ្យ និងនីតិរដ្ឋ ក្នុងក្របខណ្ឌតួនាទី​ភារកិច្ចរបស់ខ្លួន។