ព័ត៌មានក្នុងប្រទេសអគ្គលេខាធិការដ្ឋាន

ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រកាស និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង។

អញ្ជើញចូលរួមក្នុងពិធីប្រកាសរួមមាន ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងយោធភូមិភាគទី១ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមណ្ឌលសុខភាព ប្រធានប៉ុស្ដិ៍សុខាភិបាលទូទាំងខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ អង្គការដៃគូ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធសរុបចំនួន ១៩៧រូប។

ក្នុងពិធីប្រកាសនេះបានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក ដោយបានផ្សព្វផ្សាយនូវលិខិតលេខ ១៦២២ សជណ របស់ក្រសួងមហាផ្ទៃ ស្ដីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រកាសអន្តរក្រសួងលេខ១៥២ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត និងប្រកាសអន្តរក្រសួងលេខ ១៨២ ស្ដីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលរាជធានី ខេត្ត សម្រាប់ អនុវត្តមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាល ជូនដល់សមាជិក សមាជិកានៃពិធីបានយល់ជ្រួតជ្រាបអំពីការដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ៕