ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលរងស្រុកជលគិរី នាំយកអំណោយរបស់អង្គការទស្សនៈពិភពលោកចែកជូនប្រជាពលរដ្ឋ ចំនួន៤០គ្រួសារ ក្នុងឃុំកំពង់អុស

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ លោក ធូ ផល្លី អភិបាលរងស្រុកជលគិរី នាំយកអំណោយរបស់អង្គការទស្សនៈពិភពលោកចែកជូនប្រជាពលរដ្ឋ ចំនួន៤០គ្រួសារ រស់នៅក្នុងភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

អំណោយជាស្បៀង និងជាម្ភារប្រើប្រាស់ទាំងអស់នេះ គឺក្រោមការឧបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក ផ្តល់តាមរយៈរដ្ឋបាលស្រុកជលគិរី។ ក្នុងនោះដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម និងសាប៊ូ៤ដុំ។

ក្នុងឱកាលនោះដែរលោកអភិរងស្រុក រួមជាមួយក្រុមការងារក៏បានធ្វើការណែនាំពីវិធានការការពារពីជំងឺកូវីដ១៩ ត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងសំអាតដៃនិងសាប៊ូ អាល់កុល ជែលជាប់ប្រចាំ និងការដាក់គម្លាតឱ្យឆ្ងាយពីគ្នា ៕