ព័ត៌មានក្នុងប្រទេសក្រុមប្រឹក្សានិតិកម្ម

កិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០នេះ ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអនុរដ្ឋលេខា ក្រុមប្រឹក្សានីតិកម្ម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ៖ កិច្ចប្រជុំធ្វើការបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ នេះ ត្រូវធ្វើរៀងរាល់ត្រីមាសម្ដង តាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឡែកសម្រាប់ឆ្នាំនេះ ក្រុមប្រឹក្សានីតិកម្មខកខានមិនបានបើកកិច្ចប្រជុំការបូកសរុបការងារប្រចាំត្រីមាសនោះទេ គឺរៀបចំប្រចាំឆមាសទី១នេះតែម្ដង។ ឯកឧត្តមបានបន្ថែមថា យើងត្រូវមានការប្រជុំពិនិត្យលើការងាររបស់អង្គភាពនីមួយៗនៅក្រោមចំណុះក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានទាំងអស់ត្រូវមានការប្រជុំបូកសរុបការងារ ពិនិត្យកិច្ចការទាំងអស់ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ហើយកន្លងមក យើងមិនទាន់បានធ្វើកិច្ចការងារនេះបានជាប់លាប់នៅឡើយ ដូចនេះសម្រាប់ក្រុមប្រឹក្សានីតិកម្ម ត្រូវតែបន្តធ្វើកិច្ចការនេះឲ្យបានជាប់លាប់ ដើម្បីអនុវត្តតាមការណែនាំរបស់របស់សម្ដេចក្រឡាហោម។

សូមជម្រាបជូនថា ក្រុមប្រឹក្សានីតិកម្ម មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការសហការជាមួយអគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ដើម្បីចូលរួមតាក់តែង ពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា៕