ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ អញ្ជេីញចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគរបាលការពារព្រំដែនទឹកប្រចាំទិសភូមិភាគទី៣ ខេត្តកោះកុង

ខេត្តកោះកុង៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០នេះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូរបស់នាយកដ្ឋានមួយក្រុមចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគរបាលការពារព្រំដែនទឹកតាមអង្គភាព-វរសេនាតូច និងតាមបណ្តាប៉ុស្តិ៍ក្នុងភូមិសាស្ត្រទិសភូមិ ភាគទី៣ ខេត្តកោះកុង។
ឯកឧត្តម ទូច ពលៈ ក្នុងនាមតំណាងឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះកងកម្លាំងនគរបាលការពារព្រំដែនទឹកប្រចាំទិសភូមិភាគទី៣ ខេត្តកោះកុង ទាំងអស់ដែលកន្លងមកអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍បទបញ្ជាណែនាំរបស់រាជរដ្ឋាភិបាល-ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រគល់ជូន។ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ថែរក្សាេស្ថេរភាពនយោបាយ  សន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារសន្តិសុខជូនប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិត អ្នកនេសាទស្របច្បាប់តាមតំបន់ឆ្នេរ កោះ និងការពារបានយ៉ាងល្អប្រសើរជូនអ្នកវិនិយោគទុន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលមកទេសចរណ៍លេងកំសាន្តក្នុងខេត្តកោះកុង នាឆ្នាំកន្លងមកបានល្អប្រសើរគួរអោយមោទនភាពក្រៃលែង។ ឯកឩត្តម ទូច ពលៈ បានមានប្រសាសន៍លើកឡើងអំពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ព្រមទាំងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីអោយកងកម្លាំងនគរបាលការពារព្រំដែនទឹកទិសភូមិភាគទី៣ ទាំងអស់បន្តអនុវត្តអោយទទួលបាននូវប្រសិទ្ធិភាពខ្ពស់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានប្រគល់ជូន។ ដូចនេះកងកម្លាំងនគរបាលការពារព្រំដែនទឹកទិសខេត្តកោះកុង ទាំងអស់ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវតួនាទីភារកិច្ចរបស់ខ្លួន គោរពវិន័យ គោរពការចាត់តាំង សាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំសហការអោយបានជិតស្និទជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ពន្ធ័ ជាមួយសមត្ថកិច្ចប្រទេសជិតខាង រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតមាននៅតំបន់ដែនសមុទ្រ-ឆ្នេរ-កោះ ដោយសន្តិវិធី និងសហការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព-មិត្តភាព-កិច្ចសហប្រតិបត្តិការនិង អភិវឌ្ឍន៍។ ក្នុងដំណើរចុះសួរសុខទុក្ខនេះដែរ ឯកឧត្តមបាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ យកមកចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនទឹក ដែលឈរជើងនៅអង្គភាព តាមវរសេនាតូច និងតាមបណ្តាប៉ុស្តិ៍ ក្នុងភូមិសាស្ត្រទិសភូមិភាគទី៣ ខេត្តកោះកុងផងដែរ។