ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានរដ្ឋបាល

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំក្រសួងមហាផ្ទៃបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីសហប្រតិបត្តិការលើការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ និងព័ត៌មានរវាងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតី ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង ឯកឧត្ដមបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI  និងមានការចូលរួមពី ឯកឧត្ដម លោក លោកស្រី សមាជិក សមាជិកាជាច្រើនរូបផងដែរ។

កិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងវិទ្យាស្ថាន វបសអ ផ្ដោតជាសំខាន់លើការងារស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាព អប់រំ និងបរិស្ថាន។ សហប្រតិបត្តិការនេះ រួមមានសកម្មភាពដូចខាងក្រោម៖

២.១.សហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ

២.២.សហប្រតិបត្តិការក្នុងការរៀបចំសិក្ខាសាលា សន្និសីទ និងវគ្គបណ្ដុះបណ្ដាល

២.៣.ការចែករំលែកនូវធនធានស្រាវជ្រាវ ស្ថិតិ និងព័ត៌មានពាក់ព័ន្ធ ព្រមទាំងលទ្ធផលនៃការស្រាវជ្រាវ

២.៤.ការអភិវឌ្ឍសមត្ថភាពដែលភាគីទាំងពីរឯកភាពគ្នា។