ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានរដ្ឋបាល

ពិធីបិទវគ្គភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទវគ្គភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងដោយមានការគាំទ្រពីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធនានា ព្រមទាំងអភិបាល ក្រុង ស្រុក ខណ្ឌ មកពីបណ្ដារាជធានី-ខេត្ត ទូទាំងប្រទេស ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំនៃសាលារដ្ឋបាលជាតិមូលដ្ឋាន និងលោកគ្រូ-អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

ឯកឧត្ដម ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដុលត្រូវយកចំណេះដឹងដែលទទួលបាន យកទៅអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន  និងចែករំលែកទៅដល់សហការី និងមន្ត្រីក្នុងមូលដ្ឋាន យកទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ ។

គួរជម្រាបជូនផងដែរថា ការរៀបចំវគ្គភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នេះគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ហើយវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួន១០ថ្ងៃ គឺចាប់តាំងពីថ្ងៃទី០៣ រហូតដល់ទី១៤ ខែសីហា ឆ្នាំ២០២០នេះ ដែលមានសិក្ខាកាមចូលរួមសរុប ប្រមាណ១២៧រូប ហើយសមាសភាពចូលរួមគឺជា ប្រធានក្រុមប្រឹក្សា និងអភិបាល ក្រុង ស្រុក ខណ្ឌ។