ព័ត៌មានអន្តរជាតិ

វៀតណាមថ្កោលទោសសមយុទ្ធយោធាថ្មីរបស់ចិនក្នុងសមុទ្រចិនខាងត្បូង

Reuters: កាលពីថ្ងៃពុធ (ទី២៦ សីហា) ម្សិលមិញនេះ រដ្ឋាភិបាលវៀតណាមបានធ្វើការចោទប្រកាន់ប្រទេសចិនថាបានរំលោភអធិបតេយ្យភាពរបស់ខ្លួនដោយការធ្វើសមយុទ្ធយោធាក្នុងដែនទឹកដែលជាតំបន់កំពុងមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ទន្នឹមគ្នានេះ រដ្ឋាភិបាលទីក្រុងហាណូយក៏បានលើកឡើងផងដែរថា សកម្មភាពបែបនេះរបស់ទីក្រុងប៉េកាំង បាននឹងកំពុងបង្កឱ្យមានភាពស្មុគស្មាញដល់ការចរចាស្តីពីការបង្កើតក្រមប្រតិបត្តិក្នុងតំបន់នេះ។

យោងតាមរដ្ឋបាលសុវត្ថិភាពដែនសមុទ្រក្នុងខេត្តហៃណាន ប្រទេសចិនបានឲ្យដឹងថា ក្នុងសប្តាហ៍នេះ កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធដែលមានរយៈពេល ០៦ ថ្ងៃក្នុងដែនទឹកក្បែរកោះ ផារ៉ាសែល (Paracel) ដែលជាតំបន់ដែលវៀតណាមកំពុងធ្វើការតវ៉ាទាមទារ ហើយនេះគឺជាសមយុទ្ធលើកទី ២ របស់កងទ័ពជើងទឹកចិនក្នុងរយៈពេល ២ ខែចុងក្រោយនេះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី  Le Thi Thu Hang បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធម្សិលមិញនេះថា “សមយុទ្ធយោធាម្តងហើយម្តងទៀតរបស់ចិននៅតំបន់ប្រជុំកោះ ផារ៉ាសែល គឺជាការរំលោភអធិបតេយ្យភាពរបស់វៀតណាម ហើយវាបានបង្កឱ្យមានភាពស្មុគស្មាញដល់ការចរចាក្នុងការបង្កើតក្រមប្រតិបត្តិរបស់ភាគីនីមួយៗដែលពាក់ព័ន្ធក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងដែលមានចិននិងប្រទេសមួយចំនួនក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)”។

ក្នុងកិច្ចប្រជុំកំពូលមួយនៅថ្ងៃទី ២៦ មិថុនាកន្លងទៅថ្មីៗនេះក្នុងទីក្រុងហាណូយ វៀតណាមនិងហ្វីលីពីនដែលជាគូប្រជែងដ៏លេចធ្លោជាងគេរបស់ចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងបានព្រមានអំពីបញ្ហានៃការកើនឡើងភាពអសន្តិសុខក្នុងតំបន់ ស្របពេលដែលមានក្តីបារម្ភថាទីក្រុងប៉េកាំងកំពុងឆ្លៀតឱកាសទាមទារដែនទឹកក្នុងសមុទ្រចិនខាងត្បូងក្នុងពេលនៃវិបត្តិជម្ងឺរាតត្បាត កូវីដ-១៩៕