ព័ត៌មានក្នុងប្រទេសអគ្គលេខាធិការដ្ឋាន

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំស្ថិតក្រោមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន របស់អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំស្ថិតក្រោមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន សម្រាប់ក្រុមហ៊ុន/រោងចក្រ ដែលបានស្នើសុំនាំចូលចែកចាយ និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ និងមានវត្តមានអញ្ជើញចូលរួមដោយលោក ឆាវ៉ាលុត ថងជាវ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនប្រចាំស្ថានទូតថៃនៅកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ អគ្គលេខាធិការរង ប្រធានប្រធាននាយកដ្ឋាន មន្រ្តីពាក់ព័ន្ធ និងសិក្ខាកាមតំណាងក្រុមហ៊ុន/រោងចក្រ សរុបប្រមាណ ៦០រូប។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីផ្សំស្ថិតក្រោមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់ម្ចាស់ ឬ អ្នកទទួលខុសត្រូវនៅតាមបណ្តាក្រុមហ៊ុន/រោងចក្រទាំងអស់ដែលបានស្នើសុំនាំចូល ចែកចាយ ប្រើប្រាស់ និងជម្រុញការចូលរួមក្នុងការទប់ស្កាត់ការបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់យកទៅលួចលាក់សំយោគកែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងអំពីសភាពការណ៍គ្រឿងញៀនទូទៅ និងការចរាចរសារធាតុគីមីផ្សំខុសច្បាប់ជូនដល់អង្គពិធីថាការចរាចរគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ ក៏ដូចជាសកលលោកពុំមានសញ្ញាណថមថយនូវឡើយនោះទេ ការដំាដុះអាភៀន និងកញ្ឆាមានការថយចុះ ប៉ុន្តែផ្ទុយទៅវិញគ្រឿងញៀនសំយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងខណៈគ្រឿងញៀនសំយោគ នេះកើតចេញពីការយកសារធាតុគីមីផ្សំជាច្រើនប្រភេទយកទៅសំយោគជាមួយនឹងសារធាតុញៀនដើម។ ជាមួយគ្នានេះ ដើម្បីគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីផ្សំស្ថិតក្រោមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឲ្យបានច្បាស់លាស់ និងទប់ស្កាត់បានការបង្វែរយកទៅសំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការណែនាំដល់ម្ចាស់ ឬអ្នកទទួលខុសត្រូវក្រុមហ៊ុន/រោងចក្រទាំងអស់ និងសិក្ខាកាមតំណាងក្រុមហ៊ន/រោងចក្រដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដូចខាងក្រោម៖
១- គ្រប់ក្រុមហ៊ុន/រោងចក្រទាំងអស់ដែលបានស្នើសុំនាំចូលចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំស្ថិតក្រោមបញ្ញតិ្ត នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ត្រូវគ្រប់គ្រង និងរក្សាទុកសារធាតុគីមីទាំងនោះ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគោលការណ៍ណែនាំរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
២- ក្រុមហ៊ុន/រោងចក្រទាំងអស់ ត្រូវប្រើប្រាស់សារធាតុទាំងនោះឲ្យចំគោលដៅនៃចង្វាក់ផលិតកម្មដែលក្រុមហ៊ុន/រោងចក្ររបស់ខ្លួនបានស្នើសុំតែប៉ុណ្ណោះ។
៣- ក្រុមហ៊ុន/រោងចក្រស្នើសុំនាំចូលដើម្បីប្រើប្រាស់ ហាមលក់ដូរ ឬធ្វើអាជីវកម្មបន្តទៅឲ្យក្រុមហ៊ុនដទៃ ក្នុងករណីមានការលក់ដូរបន្ត ក្រុមហ៊ុន/រោងចក្រត្រូវមានរបាយការណ៍លម្អិតច្បាស់លាស់ និងបញ្ជាក់អំពីមូលហេតុច្បាស់លាស់ ផ្ញើមកក្រសួង-ស្ថាប័នពាក់ព័ន្ធ។
៤- ក្រុមហ៊ុនស្នើសុំនាំចូលធ្វើអាជីវកម្មចែកចាយលើទីផ្សារ ត្រូវធ្វើរបាយការណ៍កត់ត្រាឲ្យបានច្បាស់លាស់អំពីឈ្មោះអតិថិជន អាសយដ្ឋាន ទីកន្លែងអាជីវកម្ម បរិមាណទិញលក់ និងគោលដៅផលិតកម្ម រួចផ្ញើជូនមកក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
៥- ក្រុមហ៊ុនស្នើសុំនាំចូលធ្វើអាជីវកម្មចែកចាយលើទីផ្សារ ត្រូវសហការផ្តល់ព័ត៌មានមកកម្លាំងមានសមត្ថកិច្ច អំពីអត្តសញ្ញាណរបស់អតិថិជនដែលបានមកបញ្ជាទិញមិនមានគោលដៅប្រើប្រាស់ច្បាស់លាស់។
៦- គ្រប់ក្រុមហ៊ុន/រោងចក្រ ត្រូវធ្វើរបាយការណ៍ជាប្រចាំអំពីការនាំចូលនាំចេញ ការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំស្ថិតក្រោមបញ្ញតិ្ត នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន មកក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។