ព័ត៌មានផ្សេងៗបច្ចេកវិទ្យា

ប៉ាតង់ថ្មីរបស់ Huawei បង្ហាញពីទូរស័ព្ទឆ្លាតវៃអេក្រង់បត់ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង Galaxy Z Flip

នាពេលអនាគតខាងមុខ ទូរសព្ទឆ្លាតវៃអេក្រង់បត់ត្រូវបានគេរំពឹងថា នឹងក្លាយជាទូរសព្ទជំនាន់ថ្មីដែលនឹងត្រូវចូលខ្លួនមកជំនួសតំណែងទូរសព្ទឆ្លាតវៃដែលកំពុងមានវត្តមាននៅលើទីផ្សារក្នុងពេលសព្វថ្ងៃនេះ។

ហេតុដូច្នេះហើយ ពេលនេះ ក្រុមហ៊ុនផលិតទូរសព្ទឆ្លាតវៃធំៗ បាននឹងកំពុងខិតខំសិក្សាស្រាវជ្រាវ ក៏ដូចជារិះរកវិធីធ្វើសាស្រ្តយ៉ាងណាដើម្បីផលិតទូរសព្ទឆ្លាវៃតអេក្រង់បត់ដែលមានលក្ខណៈសម្បត្តិពិសេសច្រើន និងប្លែកអស្ចារ្យជាងទូរសព្ទឆ្លាតវៃធម្មតា។

និយាយទៅដល់ទូរសព្ទឆ្លាតវៃអេក្រង់បត់ ដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ទូរសព្ទឆ្លាតអេក្រង់បត់របស់ Samsung ទទួលបានការគាំទ្រច្រើនជាងគេ ព្រោះថាពួកវាបានភ្ជាប់មកជាមួយរចនាបថរូបរាងស្រស់ស្អាត ក៏ដូចជាលក្ខណៈសម្បត្តិពិសេសៗជាច្រើនផងដែរ។

ដោយឡែក កាលពីពេលកន្លងទៅថ្មីៗនេះ គេហទំព័រ LetsGoDigital បានបង្ហាញនូវប៉ាតង់ទូរស័ព្ទឆ្លាតវៃអេក្រង់បត់មួយដែលមានទម្រង់ស្រដៀងគ្នាទៅនឹង Galaxy Z Flip របស់ Samsung ហើយប៉ាតង់ខាងលើនេះ ត្រូវបានបញ្ជាក់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Huawei។

យ៉ាងណាមិញ គេនៅមិនទាន់អាចបញ្ជាក់នៅឡើយទេថា តើទូរស័ព្ទឆ្លាតវៃនេះនឹងមានលក្ខណៈពិសេសយ៉ាងណា ហើយនឹងបង្ហាញមុខលើទីផ្សារនៅពេលណានោះទេ៕