ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

កូរ៉េខាងត្បូងប្រកាសវិនិយោគ ៧ ពាន់លានដុល្លារបច្ចេកវិទ្យា AI ដើម្បីរក្សាតំណែងជាប្រទេសនាំមុខគេក្នុងវិស័យបន្ទះឈីប

(សេអ៊ូល)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសថា កូរ៉េខាងត្បូងនឹងវិនិយោគទឹកប្រាក់ទំហំ ៩.៤ពាន់ពាន់លានវ៉ុនដែលស្មើនឹង ៦.៩៤ពាន់លានដុល្លារលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នៅត្រឹមឆ្នាំ ២០២៧ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាតំណែងជាប្រទេសឈានមុខគេមួយលើពិភពលោកក្នុងវិស័យបន្ទះឈីប (semiconductor) ទំនើប។

សេចក្តីប្រកាសដែលក៏រួមបញ្ចូលនូវមូលនិធិដាច់ដោយឡែកមួយទៀតទំហំ ១.៤ពាន់ពាន់លានវ៉ុន សម្រាប់ជំរុញក្រុមហ៊ុនផលិតបន្ទះឈីបដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI semiconductor) ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលកូរ៉េខាងត្បូងព្យាយាមរក្សាការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាដូចជាសហរដ្ឋអាមេរិក ចិន និងជប៉ុនដែលផ្តល់ការគាំទ្រផ្នែកគោលនយោបាយដ៏ធំសម្បើមដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប (semiconductor) ក្នុងប្រទេសរបស់ពួកគេ។

សូមជម្រាបថា បច្ចុប្បន្ននេះ វិស័យបន្ទះឈីប (semiconductor) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការជំរុញការនាំចេញក្នុងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដោយកាលពីខែមីនាកន្លងទៅ ការនាំចេញបន្ទះឈីបរបស់ប្រទេសអាស៊ីមួយនេះបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២១ខែចុងក្រោយដែលមានតម្លៃសរុប ១១.៧ពាន់លានដុល្លារ ឬស្មើនឹងជិតមួយភាគប្រាំនៃការនាំចេញសរុបរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ៤ក្នុងទ្វីបអាស៊ីមួយនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមអ្នកបង្កើតគោលនយោបាយ និងនាយកប្រតិបត្តិឧស្សាហកម្មបន្ទះឈីបកាលពីថ្ងៃអង្គារ លោក Yoon បានលើកឡើងថា ការប្រកួតប្រជែងនាពេលបច្ចុប្បន្ននៅក្នុងវិស័យបន្ទះឈីប (semiconductors) គឺជាសង្រ្គាមឧស្សាហកម្ម ហើយជាសង្រ្គាមដ៏ស្វិតស្វាញរវាងប្រទេសនានា។

ប្រមុខរដ្ឋាភិបាលកូរ៉េខាងត្បូងរូបនេះបានបន្តថា តាមរយៈការប្រកាសពីការបោះទុនវិនិយោគ និងមូលនិធិខាងលើ កូរ៉េខាងត្បូងគ្រោងនឹងពង្រីកការស្រាវជ្រាវ និងការអភិវឌ្ឍន៍យ៉ាងសំខាន់នៅក្នុងវិស័យបន្ទះឈីបដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI semiconductor) ដែលមានដូចជាអង្គដំណើរការសរសៃប្រសាទសិប្បនិម្មិត (artificial neural processing units) និងបន្ទះឈីបអង្គចងចាំជំនាន់ថ្មីដែលមានល្បឿនបញ្ជូនទិន្នន័យលឿនជាងមុន។

ក្រៅពីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏នឹងជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទូទៅជំនាន់ថ្មី និងបច្ចេកវិទ្យាសុវត្ថិភាពដែលលើសពីគំរូដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នផងដែរ។

លោក Yoon បានកំណត់គោលដៅសម្រាប់កូរ៉េខាងត្បូងដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំំមុខគេទាំងបីនៅក្នុងបច្ចេកវិទ្យា AIដែលក្នុងនោះក៏រួមទាំងវិស័យបន្ទះឈីបផងដែរ ហើយសម្លឹងមើលការចាប់យកចំណែកក្នុងកម្រិត ១០ភាគរយ ឬច្រើនជាងនេះពីទីផ្សារប្រព័ន្ធអេឡិចត្រូនិកពិភពលោកនៅឆ្នាំ ២០៣០។

លោកប្រធានាធិបតីកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា “ដូចដែលយើងបានគ្រប់គ្រងទីផ្សារបន្ទះឈីបអង្គចងចាំពិភពលោកអស់រយៈពេល ៣០ ឆ្នាំមកហើយ យើងនឹងសរសេរទំព័រថ្មីនៃវិស័យបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI semiconductor) ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ

លើសពីនេះ លោក Yoon ក៏បានធ្វើការកត់សម្គាល់ផងដែរថា ផលប៉ះពាល់នៃការរញ្ជួយដីនៅតៃវ៉ាន់ដែលជាមូលដ្ឋានផលិតបន្ទះឈីបឈានមុខគេលើពិភពលោកកាលពីពេលថ្មីៗនេះមកលើក្រុមហ៊ុនកូរ៉េខាងត្បូងបានស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានហើយនៅត្រឹមពេលនេះ ប៉ុន្តែលោកបានបញ្ជាឱ្យមានការរៀបចំហ្មត់ចត់ក្នុងករណីមានបញ្ហាបែបនេះកើតមានឡើង៕