ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបេីកវគ្គបណ្ដុះបណ្ដាលស្ដីពី”ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរបោះឆ្នោត”

ព្រៃវែង៖​ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្ដីពី”ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរបោះឆ្នោត” ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ស្ថិតនៅសាលប្រជុំកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដោយមានសិក្ខាកាមជាថ្នាក់ដឹកនាំលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ទាំង២៥រាជធានី ខេត្ត សរុបចំនួន១២០ នាក់ ដែលមានរយៈពេល ៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ ។

ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា ដោយអនុវត្តតាមផែនការមេរបស់ គ.ជ.ប នេះជាលើកទី២ហើយ ដែល គ.ជ.ប បានរៀបចំឱ្យមានបណ្តុះបណ្តាលនេះ គឺក្នុងគោលចំណង ដើម្បីពង្រឹងសមត្ថភាព មន្ត្រីរាជការ គ.ជ.ប ពិសេសលោក លោកស្រី ដែលជាថ្នាក់ដឹកនាំលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត អំពីការរៀបចំ និងចាត់ចែងដំណើរការ
បោះឆ្នោត ដើម្បីត្រៀមលក្ខណសម្បត្តិក្នុងការចូលរួមអនុវត្តការងារបោះឆ្នោតនាពេលខាងមុខឱ្យទទួលបានជោគជ័យស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីថ្មីរបស់ គ.ជ.ប។

វគ្គបណ្តុះបណ្តាលនេះ គឺផ្តោតសំខាន់ទៅលើប្រធានបទស្តីពី ” ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត ” ហើយប្រធានបទទាំងនេះ ជាប្រធានបទសំខាន់ដែលពាក់ព័ន្ធនឹងនាយកដ្ឋានជំនាញ និងលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ទាំងអស់ត្រូវអនុវត្តជាក់ស្តែង នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតនីមួយៗ ហើយនេះក៏ជាជំហ៊ានថ្មីមួយទៀតក្នុងក្របខណ្ឌការងារកែទម្រង់របស់ គ.ជ.ប ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ទៅតាមមុខជំនាញទទួលខុសត្រូវ ដើម្បីធានាឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារតាមរយៈការបណ្តុះបណ្តាលដល់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលបានចំណេះដឹង ជំនាញ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីអនុវត្តការងារទទួលបានជោគជ័យ ។

ឯកឧត្តមក៏បានបន្ថែមទៀតថា តាមរយៈការបណ្តុះបណ្តាលក្នុងរយ:ពេល ៤ ថ្ងៃនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថាសិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមអនុវត្តការងារក្នុងដំណើរការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរ ពិសេសត្រូវសិក្សាស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធី សេចក្តីណែនាំរបស់ គ.ជ.ប បន្ថែមទៀត ដើម្បីជាទុនក្នុងការអនុវត្តការងារក្នុងតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ ។

គួររំលឹកផងដែរថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើកទី១ គឺបានរៀបចំនៅរាជធានីភ្នំពេញក្នុងអំឡុងដើមខែមីនា ឆ្នាំ២០២០ដោយផ្តោតសំខាន់លើការងារជំនាញចំនួន ៣ គឺ ការងាររដ្ឋបាល ការងារប្រតិបត្តិការ និងការងារ
ហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការបោះឆ្នោត។