បច្ចេកវិទ្យា

តើសេនស័រ LiDAR លើ iPhone 12 Pro និង 12 Pro Max ជាអ្វី?

បន្ទាប់ពីបានបង្ហាញខ្លួននៅលើ iPad Pro ស៊េរីឆ្នាំ 2020 ហើយមក ទីបំផុត Apple បានសម្រេចចិត្តបំពាក់សេនស័រ LiDAR ដែលមានឈ្មោះពេញថា Light Detection and Ranging ទៅលើកំពូលទូរសព្ទឆ្លាតវៃជំនាន់ចុងក្រោយរបស់ខ្លួនគឺម៉ូឌែល iPhone 12 Pro និង 12 Pro Max ដោយសេនស័រពិសេសនេះ មានទីតាំងស្ថិតនៅជាមួយកាមេរ៉ាផ្នែកខាងក្រោយ និងមានរូបរាងមូលតូចដូចបង្ហាញក្នុងរូបខាងក្រោមនេះ។

សម្រាប់អ្នកគាំទ្ររបស់ Apple ដែលកំពុងមានបំណងចង់ទិញ iPhone ម៉ូឌែលថ្មីខាងលើនេះ លោកអ្នកអាចធ្វើការស្វែងយល់បន្ថែមឲ្យកាន់តែច្បាស់ពីសមត្ថភាពផ្សេងៗរបស់សេនស័រពិសេសនេះជាមុនសិន មុននឹងធ្វើការសម្រេចចិត្ត។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Apple ក្នុងព្រឹត្តិការណ៍ប្រកាសម៉ូឌែល iPhone 12 កាលពីពេលថ្មីៗនេះបានឲ្យដឹងថា សេនស័រ LiDAR ដែលមានបំពាក់នៅលើម៉ូឌែល iPhone 12 Pro និង 12 Pro Max មានសមត្ថភាពអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការវាស់ប្រវែងរបស់វត្ថុនានា (ប្រវែងតុ ឫ ប្រវែងទ្វារ) បានត្រឹមត្រូវល្អ។ លើសពីនេះ វាក៏អាចធ្វើការស្កេនវត្ថុនានាជាលក្ខណៈ 3D តាមរយៈកម្មវិធីជំនួយក្រៅដូចជា 3D Scanner App™ ជាដើម។

ជាងនេះទៅទៀត សេនស័រ LiDAR នេះក៏ផ្ដល់ជូនមុខងារសម្រាប់វាស់ប្រវែងផ្ទះនិងរៀបចំចេញជាប្លង់គម្រូ, បែងចែកផ្ទៃខាងក្រោយឲ្យដាច់ស្អាតសមរម្យសម្រាប់ការថតដោយមិនចាំបាច់ត្រូវការផ្ទាំង Green Screen ជំនួយបន្ថែមនោះទេ។ ក្រៅពីនេះ វាក៏អាចជួយឲ្យ iPhone 12 Pro និង 12 Pro Max ធ្វើការចាប់ចំណុច Focus ក្នុងពេលថតបានលឿនជាងមុន ហើយថែមទាំងអាច Zoom បានរហូតដល់ 6x ដងនៅកន្លែងងងឹត ដែលនេះជាចំណុចពិសេសមួយបើបៀបធៀបទៅនឹងម៉ូឌែល iPhone ដែលមិនមានបំពាក់មកជាមួយសេនស័រនេះ។

ពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចប្រើប្រាស់សេនស័រនេះដើម្បីវាស់កម្ពស់មនុស្ស ឫវត្ថុនានាដូចជា គ្រឿងសង្ហារឹមជាដើម ហើយមុខងារនេះ នឹងជួយឲ្យលោកអ្នកអាចធ្វើការវាស់ទំហំវត្ថុណាមួយជាមុនសិន មុននឹងសម្រេចចិត្តទិញសម្រាប់ដាក់ក្នុងគេហដ្ឋាន។

ការរៀបរាប់ជូនខាងលើនេះ គឺជាសមត្ថភាពមួយចំនួនរបស់សេនស័រ LiDAR ដែលអាចជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់លោកអ្នក ហើយសម្រាប់ពេលអនាគតខាងមុខ លោកអ្នកក៏នឹងអាចទទួលបានកម្មវិធីថ្មីផ្សេងដែលនឹងធ្វើការរួមគ្នាជាមួយសេនស័រនេះ ដើម្បីទទួលបានបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀតក្នុងការបច្ចេកវិទ្យាដ៏ទំនើបខាងលើ៕