ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា នាំយកអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ  នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ  ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  បាននាំយកអំណោយជាអង្ករចំនួន៥តោន ថវិកាចំនួន១០លានរៀល អាវភ្លៀង និងម៉ាស់ ប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រខេត្ត  កំពុងមានខ្វះខាត

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងបានថ្លែងការកោតសរសើរដល់កងកម្លាំងនគរបាលខេត្តកំពង់ស្ពឺទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះ ទឹក ជំនន់ ទៅទីទួលសុវត្ថិភាព។ ឯកឧត្តមអគ្គស្នងការរង បន្តថា ក្នុងនាមជាកងកម្លាំងនគរបាលជាតិ យើងមានភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋជាពិសេសជួយសង្រ្គោះពួកគាត់ពេលជួបគ្រោះធម្មជាតិផ្សេងៗ ជាក់ស្តែងដូចគ្រោះទឹកជំនន់នៅពេលនេះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានក្រើនរំលឹកឲ្យកងកម្លាំងនគរបាលខេត្តកំពង់ស្ពឺទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំងប្រចាំបញ្ជា ជាពិសេសបន្តត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតមានគ្រោះធម្មជាតិណាមួយជាយថាហេតុ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ក៏បាននាំយកអំណោយ ឯកឧត្តម កត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឧបត្ថម្ភដល់អធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយក្នុងមួយអធិការដ្ឋានទទួលបាន  អង្ករ ១២០គីឡូ, មី ១កេសធំ, ទឹកសុទ្ធ៤៥យួរ និងថវិកា ២០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សម សាមួន  ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំណង់ស្ពឺ  តំណាងឱ្យកងកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ   សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត  និងសូមបួងសួងប្រសិទ្ធិពរជ័យជូនឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់  សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ  សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕