សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរដ្ឋលេខាធិការបណ្ឌិត្យសភានគរបាលកម្ពុជា

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីគ្រូនគរបាលជាតិកម្ពុជា

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពី គ្រូនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានក្រុមប្រឹក្សានិតិកម្ម អគ្គនាយក អគ្គនាយករង អង្គភាពជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពី គ្រូនគរបាលជាតិកម្ពុជា ការរៀបចំប្រជុំនាពេលនេះក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តបតាមសំណើររបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងអភិវឌ្ឍន៍សមត្ថភាព ព្រមទាំងលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារបណ្តុះបណ្តាលនគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ កិច្ចប្រជុំនៅថ្ងៃនេះ នឹងដាក់ជូនឯកឧត្តម លោកជំទាវ ផ្តល់យោបល់កែសម្រួលមុននឹងស្នើសុំគោលការណ៍សម្រេចពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គួររំលឹកដែរថា សេចក្តីព្រាងអនុក្រឹត្យស្តីពី គ្រូនគរបាលជាតិកម្ពុជា បានរៀបចំឡើងមាន១០ជំពូក ២២មាត្រា ដែលសេចក្តីព្រាងអនុក្រឹត្យនេះរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្ត និងអភិវឌ្ឍន៍សមត្ថភាពគ្រូនគរបាលជាតិកម្ពុជា លើកកម្ពស់គុណភាពអប់រំ និងធានាប្រសិទ្ធភាពនៃការបង្ហាត់បង្រៀនដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទូទាំងប្រទេស។ ជាងនេះទៀត អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ៕